(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើការ ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ នៅក្នុងខេត្តស្វាយរៀង ត្រូវថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបម្រើផលប្រយោជន៍ សេចក្ដីត្រូវការ និងសំណើ សំណូមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរថែមទៀត សម្រាប់ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់បណ្ដាមន្ទីរ អង្គភាព ក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការយ៉ាងសកម្មចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ព្រមទាំងបានដោះស្រាយបញ្ហាឆ្លើយតប នឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ។

លោកបានធ្វើការផ្ដាំផ្ញើ ដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួន ដើម្បីថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបម្រើផលប្រយោជន៍ សេចក្ដីត្រូវការ និងសំណើ សំណូមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរថែមទៀត នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៨។ ជាពិសេសការសហការរៀបចំការងារសំខាន់ៗមួយចំនួន ដូចជាកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រះរាជពិធីច្រត់ព្រះនង្គ័លជាដើម។

ដោយឡែក មន្ទីអង្គភាព ក្រុង-ស្រុកពាក់ព័ន្ធ ត្រូវរៀបចំកែលម្អសោភ័ណភាពទាំងខាងមុខ និងក្នុងអង្គភាពរបស់ខ្លួនឲ្យបានស្អាតល្អ រៀបការ៉ូឡានៅតាមបណ្ដាផ្លូវសំខាន់ៗ និងគ្រប់មន្ទីរអង្គភាព ពិនិត្យទីតាំងក្នុងក្រុងស្វាយរៀង សម្រាប់ដំឡើងបង្គន់អនាម័យសាធារណៈ លាបថ្នាំលម្អនៅតាមបុកឌៀរផ្លូវ ដើមឈើ និងគំនូសចរាចរណ៍ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋលើកទង់ជាតិឲ្យបានគ្រប់ខ្នងផ្ទះ រៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនឲ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកើតមានសំណង់អនាធិបតេយ្យ រំលោភដីចំណីផ្លូវដែលធ្វើឲ្យប៉ះពាល់សោភ័ណភាព៕