(សៀមរាប)៖ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរៀបរាប់អំពីប្រវត្តិ និងសារៈសំខាន់របស់តំបន់អន្លង់វែង ដល់មគ្គទ្ទេស ក៏ទេសចរណ៍ និងការីទេសចរណ៍ ដោយបានថា តំបន់អន្លង់វែងនេះ កាលពីអតីតកាលជាតំបន់កាន់កាប់ចុងក្រោយ របស់ចលនាខ្មែរក្រហម នឹងត្រូវបានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគតផងដែរ។

លោក តុប សុភ័ក បានថ្លែងថា ការបង្ហាញអំពីសក្តានុពលទេសចរណ៍តំបន់ប្រវត្តិសាស្រ្តអន្លង់វែង និងការរៀបចំខ្សែទស្សនកិច្ច ដោយភា្ជប់តំបន់ បេតិកភណ្ឌអង្គរ សៀមរាប ជាមួយតំបន់ប្រវត្តិសាស្រ្តអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាប្រធានបទដ៏សំខាន់សម្រាប់កិច្ច ប្រជុំផ្សព្វផ្សាយស្តីពីតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តអន្លង់វែង សម្រាប់មគ្គុទ្ទេសក៏ទេសចរណ៍ និងការីទេសចរណ៍ នៅក្នុងខេត្តសៀមរាបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រុងសៀមរាប។

លោក តុប សុភ័ក បានយ៉ាងដូច្នេះថា «អន្លង់វែង ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម (សមាហរណកម្មចុងឆ្នាំ១៩៩៨) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ លេខ ១៣ សរណន ចុះថ្ងៃទីទី១៤ ខែធ្នូ ឆ្នាំ២០០១ ឲ្យក្រសួងទេសចរណ៍ រៀបចំជាតំបន់ប្រវត្តិសាស្រ្ត។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ដោយបានកំណត់យកទេសចរណ៍វប្បធម៌ ធ្វើជាឆ្អឹងខ្នង ក្នុងនោះគោលដៅទេសចរណ៍វប្បធម៌រួមមានប្រាសាទបូរាណ ទីតាំងប្រវត្តិសាស្រ្ត ប្រពៃណីម្ហូបអាហារ សិល្បៈ និងសិប្បកម្មជាដើម»

លោក តុប សុភ័ក បានបន្តថា តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ត្រូវបានកំណត់ដោយអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ ហើយលោកក៏បានវាយ តម្លៃដែរថា ការរៀបចំកញ្ចប់ខ្សែទស្សនកិច្ច វាគឺជាការរៀបចំផលិតផលទេសចរណ៍រួមគ្នា និងជាកញ្ចប់ ដូចជាការតភ្ជាប់ពីតំបន់បេតិកភណ្ឌ ទៅកាន់តំបន់ប្រវត្តិសាស្រ្តពិសេស គឺការតភ្ជាប់ពីតំបន់អង្គរ ទៅកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ពីប្រាសាទព្រះវិហារ ទៅអន្លង់វែង ពីប្រាសាទកោះកេរិ៍ ទៅអន្លង់វែង ពីប្រាសាទបន្ទាយឆ្មារទៅអន្លង់វែង ឬពីតំបន់ប្រវត្តិសាស្រ្តអន្លង់វែង ទៅកាន់តំបន់បេតិកភណ្ឌទាំង៤។

ឯកសារផ្សព្វផ្សាយ ស្តីពីសក្តានុពលទេសចរណ៍តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ក៏បានបង្ហាញឲ្យដឹងដែរថា តំបន់ប្រវត្តិសាស្រ្តអន្លង់វែង មាន១៤ចំណុច ដែលជាគោលដៅសិក្សាស្វែងយល់ចង់ដឹង ចង់ឃើញ នៃភ្ញៀវទេសចរណ៍ក្នុងនោះដែរ ទី១៖ ដែលហៅថា តំបន់ «ក» ស្ថិតក្នុងភូមិសាស្រ្តលើជួរ ភ្នំដងរែក មានចំនួន៦កន្លែងដូចជា៖ កន្លែងដុតខ្មោចប៉ុលពត កន្លែងកាត់ទោសប៉ុលពត ផ្ទះតាម៉ុក (ផ្ទះកណ្តាលលើភ្នំ) កន្លែងច្នៃគ្រាប់ភ្នំ២០០ ផ្ទះប៉ុលពត-ខៀវសំផន និងឃ្លាំងសម្ភារៈ, ទី២៖ តំបន់ «ខ» ស្ថិតនៅក្នុងភូមិសាស្រ្តលើខ្ពង់រាប និងជើងភ្នំមានចំនួន៨កន្លែង រួមមានកន្លែងដុតខ្មោច សុន សេន ស្រែគម្រូការដ្ឋានដឹកជញ្ជូនរបស់តាម៉ុក បឹងអន្លង់វែង ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក មន្ទីរពេទ្យតាម៉ុក សាលារៀនតាម៉ុក និងស្ពានតាម៉ុក។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលឆ្នាំ២០១៧កន្លងទៅ រមណីយដ្ឋានទេសចរណ៍អន្លង់វែងទទួលបានភ្ញៀវ ទេសចរសារុប ៤៦២៣៨នាក់ ហើយគេសង្ឃឹមថា បន្ទាប់ពីមានការផ្សព្វផ្សាយនេះ ដោយការចូលរួមពីសំណាក់មគ្គុទ្ទេសក៏ទេសចរណ៍ និងស្ថាប័ន-ដៃគូរពាក់ព័ន្ធ តំបន់ប្រវត្តិសាស្រ្តអន្លង់វែង នឹងត្រូវបានក្លាយជាគោលដៅទេសចរណ៍ ដែលមិនអាចមើលរំលងបាននោះឡើយ៕