(តាកែវ)៖ បន្ទាប់ពីសម្ដេចវិបុលសេនាភ្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ផ្ទេរភាកិច្ចលោក ឡាយ វណ្ណៈ ពីអភិបាលខេត្តតាកែវ ឲ្យទៅបម្រើការងារថ្មី នៅក្រសួងមហាផ្ទៃ កាលពីម្សិលមិញនោះ, នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ បានបង្ហោះសារមួយនៅលើ Facebook ផ្លូវការរបស់លោក ដើម្បីផ្តាំផ្ញើ មន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ។

នៅក្នុងសារនោះលោកបានសសេរថា «ទោះបីខ្លួនខ្ញុំត្រូវបានផ្លាស់ ទៅដល់ទីណាក៏ដោយ តែបេះដូងខ្ញុំនឹងនៅទីនេះ ក្នុងខេត្តតាកែវជាមួយបងប្អូនជានិច្ច។ ខ្ញុំនៅតែនឹក និងគោរពស្រឡាញ់បងប្អូន មន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវយើងដដែល ខេត្តតាកែវ ជាទឹកដីដែលខ្ញុំស្រឡាញ់ស្មើជីវិត»

នៅក្នុងការបង្ហោះសារនោះ អតីតអភិបាលខេត្តតាកែវរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចិត្តគោរព ស្រឡាញ់ និងអាណិតដល់លោក សូមមេត្តាកុំភ្លេចទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានឈ្នះភ្លូកទឹកភ្លូកដី ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍបន្តទៀត។

លោក ឡាយ វណ្ណៈ ក៏មិនបានភ្លេចនូវការគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឲ្យលោក បានដឹកនាំខេត្តតាកែវ រយៈពេលជាង៤ឆ្នាំកន្លងមកនេះ និងសូមអរគុណចំពោះការគាំទ្រកន្លងមក ពីសំណាក់បងប្អូនមន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចំពោះរូបលោកផងដែរ ហើយលោកក៏បានជូនពរលោក អ៊ូច ភា អភិបាលខេត្តតាកែវថ្មី ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំខេត្តតាកែវ ឲ្យកាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំងក្លាថែមទៀត។

សូមជម្រាបថា ឡាយ វណ្ណៈ គឺជាអភិបាលខេត្តមួយ ដែលមានប្រជាប្រិយភាព ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។ ចាប់តាំងពីលោកបានឡើងកាន់តំណែង ជាអភិបាលខេត្តមក ខេត្តតាកែវ ជាពិសេសទីក្រុងដូនកែវដែលជាបេះដូងរបស់ខេត្តនោះ មានការប្រែប្រួលហួសពីការរំពឹងទុក។ ការិយាល័យរបស់លោក បានបើករៀងរាល់ម៉ោងធ្វើការ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលមានបញ្ហាផ្សេងៗអាចមកប្ដឹងតវ៉ា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ មានពលរដ្ឋក្រីក្រដែលប្រកបរបបរកស៊ីលក់លៀសហាល លក់បបរ លក់ដូរកំប៉ិចកំប៉ុកជាច្រើននាក់ បាននាំគ្នាមកខ្ចីលុយលោកយកទៅរកស៊ីថែមទៀតផង៕