(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាគ្រោះអគ្គិភ័យ ចំពោះអុជទៀនធូក ក្នុងឱកាសបុណ្យឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យលើកទី២ សម្រាប់ខេត្តកំពង់ចាម។ ពិធីដែលបានធ្វើនៅសាលាបឋមសិក្សាស្គន់ ក៏មានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ចំនួន១,០០០នាក់ ស្រី២៧០នាក់។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងបានធ្វើសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឆ្នាំ២០១៧ មាន១៧លើក បណ្តាលឲ្យឆេះផ្ទះ១៦ខ្នង។ ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០១៨ គ្រោះអគ្គីភ័យ កើតមាន១២លើក បណ្តាលឲ្យឆេះផ្ទះ០៩ខ្នង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បច្ចុប្បន្នខេត្ដកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៣គ្រឿង ក្នុងនោះរថយន្តកែច្នៃ០១គ្រឿង បានធ្វើការបែងចែក ទុកនៅស្នងការដ្ឋាន០២គ្រឿង, ប្រគល់ជូនអធិកាដ្ឋាន នគរបាលស្រុកស្រីសន្ធរ ០២គ្រឿង, ស្រុកបាធាយ ២គ្រឿង ចំណែកស្រុក៧ទៀត ទទួលបាន០១គ្រឿង ក្នុង១ស្រុក និងបានរាយការណ៍បញ្ជាក់ជូនអំពីកិច្ច ប្រតិបត្តិការរបស់កងកម្លាំងជំនាញ និងអំពីវិធានការ បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ជូនដល់អង្គពិធី ហើយនាពេលខាងមុខនេះ និងមានការៀបចំបើកវគ្គ បំប៉នជំនាញពន្លត់អគ្គីភ័យដល់មន្រ្តីនៅតាមបណ្ដាស្រុក ក្រុង ទាំង១០ ដែលក្នុង១ស្រុក ក្រុង មានចំនួន០៦នាក់ ផងដែរ។
បន្ទាប់មកក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធីសាស្រ្តសង្គ្រោះបឋម ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកើតឡើង។
ក្នុងឱកាសនោះ លោក គួច ចំរើន បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងនគរបាលដែលកន្លងមក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅពេលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗ។
លោកអភិបាលខេត្ត បានបញ្ជាក់អំពីអត្ថន័យនៃទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័ មាន០៣ចំណុចគឺ៖ ទី១៖ឲ្យយល់ដឹងអំពីគ្រោះមហន្តរាយដែលបង្ក ដោយគ្រោះអគ្គីភ័យ, ទី២៖ឲ្យយល់ដឹងអំពីវិធីសាស្ត្រសាមញ្ញៗ ក្នុងការជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យ មានទ្រង់ទ្រាយតូចៗ និងទ្រង់ទ្រាយធំ និងទី៣៖ឲ្យយល់ដឹងអំពីកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអំពីវិធានការទប់ស្កាត់គ្រោះអគ្គីភ័យ នៅតាមមូលដ្ឋាន៕