(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រី Pauline Tamesis តំណាងថ្មីនៃអង្គការ UNDP ប្រចាំកម្ពុជា បានបញ្ជាក់ពីជំហរបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងគាំទ្រគោលនយោបាយសំខាន់ៗចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ព្រោះស្របតាមស្មារតីរបស់អង្គការសហប្រជាជាតិ។ នេះបើតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។

លោក ជុំ សន្ទរី បានឲ្យដឹងថា ជំនួបសម្ដែងការគួរសមនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស ក្នុងនោះលោកស្រីតំណាង UNDP បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច សន្តិភាព ស្ថិរភាពជាដើម។ លោកស្រីបានមើលឃើញពីការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ចូលគោលដៅបោសសម្អាតមីន ជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។

លោក ជុំ សន្ទរី បានបន្តថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបពីគោលនយោបាយសំខាន់ៗចំនួន៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅលោក Pauline Tamesis ដែលជាអ្នកសម្របសម្រួលរបស់អង្គការ UNDP ប្រចាំកម្ពុជា ក្នុងនោះរួមមាន៖

១៖ កម្ពុជានៅតែជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ដោយផ្ដោតជាចម្បងទៅលើការថែរក្សាសន្តិភាព ស្ថិរភាព។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានខិតខំថែរក្សាឯករាជ្យភាព អធិបតេយ្យភាព ទប់ស្កាត់មិនឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស។

២៖ រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តយ៉ាងក្លៀវក្លាក្នុងការលើកស្ទួយ ពង្រឹង និងការការពារសិទ្ធិមនុស្ស ស្របតាមស្មារតីរបស់អង្គការសហប្រជាជាតិ និងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នានានា ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។

៣៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការអភិវឌ្ឍប្រទេសជាតិ ពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅបោសសម្អាតមីនផងដែរ។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យអ្នករងគ្រោះដោយសារមីនមានការថយចុះគួរឲ្យកត់សម្គាល់ ពោលចាប់ពីឆ្នាំ១៩៩១ អ្នករងគ្រោះមានចំនួន ៤,៣២០នាក់ រហូតមកដល់ប៉ុន្មានឆ្នាំមកនេះ ជនរងគ្រោះដោយសារមីនមានតែ ៥៦នាក់ប៉ុណ្ណោះ។ ថ្វីដ្បិតជនរងគ្រោះដោយសារមីនមានការថយចុះក៏ពិតមែន ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យដោះមីន ជាវិស័យអាទិភាពសំខាន់មួយដែរ នេះក៏ដោយសារបញ្ហាមីននៅតាមទីជនបទឆ្ងាយៗ នៅតែជាឧបសគ្គក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបត្រួសៗជូនលោកស្រីតំណាង UNDP អំពីការចូលរួមក្នុងកិច្ចការមនុស្សធម៌ទាំងអម្បាលម៉ានខាងលើនេះ ពិសេសកម្ពុជាក៏បានបញ្ជូនកម្លាំងមួកខៀវ ៥,១៧២នាក់ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព នៅតាមប្រទេសមួយចំនួនផងដែរ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ លោកស្រីបានកោតសរសើរចំពោះកងកម្លាំងរបស់កម្ពុជា ដែលបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនទៀតផង។

លោកស្រី Pauline Tamesis បានបញ្ជាក់ថា UNDP និងបណ្ដាទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ សូមប្ដេជ្ញាខិតខំសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមភាគទានក្នុងការសម្រេចនូវគោលដៅទាំង៣ខាងលើ និងដើម្បីបន្តកិច្ចសហប្រតិបត្តិការល្អ និងបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅអនាគត៕