(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាថ្មីមួយ ឱ្យនគរបាលទាំងអស់ក្នុងមូលដ្ឋានខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ត្រូវទប់ស្កាត់ឱ្យបានចំពោះការប្រមូលផ្តុំណាមួយរបស់ចលនាសង្រ្គោះជាតិ ដែលលោកបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់។
ការប្រកាសដាក់បទបញ្ជារបស់ ស្នងការរាជធានីភ្នំពេញ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ជួន សុវណ្ណ បានបញ្ជាក់ប្រាប់ដល់មន្រ្តីនគរបាលនានា ដែលបានចូលរួមក្នុងសន្និបាតនេះយ៉ាងដូច្នេះថា៖
«សាលដីការបស់តុលាការកំពូល គឺបានរំលាយគណបក្សសង្រ្គោះជាតិ បើនិយាយអំពីការរំលាយគណបក្សសង្រ្គោះជាតិនោះ គឺរចនាសម្ព័ន្ធរបស់គណបក្ស សង្រ្គោះជាតិគឺគ្មាននោះទេ ព្រោះបក្សនេះបានរំលាយហើយ គឺរំលាយដោយច្បាប់ រំលាយដោយតុលាការកំពូល អញ្ចឹងអត់មានក្រុមប្រឹក្សាក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាឃុំសង្កាត់ ចលនាយុវជន យុវនារីបក្សនេះទៀតទេ អញ្ចឹងបើសិនជាមានចលនាណាមួយ នៅក្នុងមូលដ្ឋានរបស់យើងនោះ គឺជាចលនាខុសច្បាប់»។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា៖ «ក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌ អញ្ចឹងចំពោះចលនានេះ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត មិនអាចឱ្យមានចលនានេះ កើតឡើងនៅមូលដ្ឋានរបស់យើងទេ។ ខ្ញុំសូមឱ្យអធិការខណ្ឌទាំង១២ ប្រើប្រាស់នូវវិធានការណ៍ច្បាប់ ដើម្បីទប់ស្កាត់ មិនអនុញ្ញាតឱ្យមានឡើយ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំទេ»។
គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្ស ប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូលក៏បានកាត់ទោស ថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ក្រោយការរំលាយគណបក្សនេះ កាលពីខែមករា ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលរត់គេចពីការអនុវត្តច្បាប់ទៅក្រៅប្រទេស បានប្រកាសបង្កើតចលនាមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ចេញពីទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដើម្បីធ្វើសកម្មភាពប្រឆាំងចំពោះសាលដីកាតុលាការ និងរាជរដ្ឋាភិបាល។ លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋងើបឡើងគាំទ្រដល់ចលនានេះ និងអំពាវនាវដល់ទាហាន សមត្ថកិច្ចឱ្យឈរនៅខាង ប្រជាពលរដ្ឋដែលប្រមូលផ្តុំនោះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានចាត់ទុកថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី គឺជាចលនាឧទ្ទាមខុសច្បាប់ ហើយព្រមានមិនឱ្យមានចលនានេះ កើតឡើងនៅក្នុងប្រទេសកម្ពុជាទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន ២,១២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានហៅចលនាសង្រ្គោះជាតិ និងការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី ចំពោះកងទ័ព និងសមត្ថកិច្ច កន្លងមកនេះ គឺជាការធ្វើរដ្ឋប្រហារដោយខុសច្បាប់៕