(ភ្នំពេញ)៖ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ឡៃអិន របស់ឥណ្ឌូនេស៊ី ដើម្បីជំរុញមានឲ្យមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា។
ការអះអាងបែបនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Luhut Binsar Pandjaitan នៅ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការគាំទ្រទាំងស្រុងចំពោះគំនិតចង់ឲ្យមានការហោះហើរត្រង់នេះ។ សម្តេចតេជោថា វាជាការល្អណាស់សម្រាប់ការហោះហើរត្រង់នេះ ហើយបើអាចធ្វើបានកាន់តែលឿន គឺកាន់តែល្អ ព្រោះវាអាចលើកស្ទួយកិច្ចសហប្រតិបត្តការវរាងប្រទេសទាំងពីរផង និងដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផង។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។ សម្តេចតេជោថា កិច្ចសហប្រិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន គឺមានភាពល្អប្រសើរទាំងវិស័យយោធា និងវិស័យផ្សេងៗទៀត ក៏ប៉ុន្តែកិច្ចសហប្រត្តិការនេះ នឹងមានសក្តានុពលត្រូវពង្រីកបន្តែមទៀត។
សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ឲ្យពិនិត្យមើលបន្ថែមទៀតលើសក្តានុពលដែលប្រទេសទាំងពីរមាន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ កសិកម្មជាដើម។
ទាក់ទងកសិកម្មនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យភាគីខាងឥណ្ឌូនេស៊ីមកពិនិត្យមើលពីការវិនិយោគក្នុងប្រទេសកម្ពុជា បើឥណ្ឌូនេស៊ីមកបកបណ្តាក់ទុនលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករនេះ គឺអាចធ្វើឲ្យតម្លៃអង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ីនឹងអាចចុះថោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងការបណ្តុះបណ្តាលដល់ធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ៕