(ភ្នំពេញ)៖ ថ្លែងក្នុងពិធីរៀបចំសិក្ខាសាលា សន្តិសុខបរិស្ថានជាតិ «បទល្មើសព្រៃឈើ និងសត្វព្រៃ» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឲ្យមន្រ្តីបរិស្ថាន នៅតាមតំបន់គោលដៅនីមួយៗ ត្រូវសហការជាមួយមន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងនគរបាលនៅតាមមូលដ្ឋាន ជួយទប់ស្កាត់បទល្មើសបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងជីវៈចម្រុះឲ្យមានប្រសិទ្ធភាព។
លោក សាយ សំអាល់ បានបន្តថា ការចូលរួមការទប់ស្កាត់ការរត់ពន្ធ ថនិកសត្វ ប្រភេទឈើកម្រ ដែលបាននិងកំពុងតែប្រឈម ដូច្នេះត្រូវតែចូលរួមទប់ស្កាត់ ប្រសិនបើទប់ស្កាត់មិនបាន នឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «មកដល់ពេលនេះ ទោះបីមិនសូវជាមើលឃើញថា វាជាបញ្ហា ក៏ប៉ុន្តែវាជាបញ្ហាធំដែលត្រូវដោះស្រាយ ដែលកើតមានស្ទើរ តែគ្រប់ទីកន្លែង ហើយនេះជាអ្វីដែល យើងត្រូវចូលរួមទប់ស្កាត់ការរត់ពន្ធ សត្វពីបរទេសមកកម្ពុជា និងពីកម្ពុជា ទៅបរទេសនេះជាអ្វីដែលច្បាប់ បានហាមឃាត់។ ប៉ុន្តែប្រជាជនមួយចំនួន នៅតែព្យាយាមទិញ និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទិញរបស់កម្រទាំងនេះ ដូច្នេះហើយយើង ត្រូវតែចូលរួមកាពារ អភិរក្ស ជីវះចម្រុះ និងធ្វើអ្វីទាំងអស់ឲ្យមានច្បាប់ទម្លាប់»។
ពាក់ព័ន្ធការអំពាវនាវនេះ របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឱម សារ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល (FACT) បានថ្លែងថា ចំពោះកិច្ចការពារធនធានជលផល និងធនធានធម្មជាតិ អង្គការរបស់លោកបាន សហការជាមួយក្រសួងបរិស្ថាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើង ដើម្បីជាផ្នែកមួយ ដែលស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងសង្គមស៊ីវិល ត្រូវតែចូលរួមដើម្បីកាត់បន្ថយការរត់ពន្ធសត្វព្រៃ និងប្រភេទ រុក្ខជាតិដែលមានសក្តានុពល និងកម្រ។
លោក ឱម សារ៉ាត បានបន្តថា ដោយឡែកវិស័យជលផលវិញ អង្គការបានសហការជាមួយស្ថាប័ននានា ចូលរួមអភិរក្សដូចជា៖ ត្រីរាជ ត្រីគល់រាំង និងជីវៈចម្រុះផ្សេងៗទៀតផងដែរ មិនតែប៉ុណ្ណោះលោកបានប្តេជ្ញាចិត្ត ចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារឲ្យបានគង់វង្ស ដើម្បីនាំមកនូវសារៈសំខាន់ ដល់វិស័យទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយ វិស័យធនធានធម្មជាតិនៅកម្ពុជា ឲ្យមានសក្តានុពលលើ ឆាកអន្តរជាតិផងដែរ។
លោក ឱម សារ៉ាត បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅមានបទល្មើសព្រៃឈើ ដែលត្រូវជនអគិតមួយចំនួន បានកាប់បំផ្លិចបំផ្លាញឈើប្រណិតៗ ដូច្នេះយើងត្រូវទាមទារការសហការបន្ថែមទៀត រវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសទាំងអស់នេះ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងអភិរក្សធនធានដ៏កម្ររនៅកម្ពុជា ឲ្យមាននិរន្តរភាពផងដែរ៕