(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧត្តមសេនីយ៍យោធាក្លែងក្លាយ ដែលបន្លំខ្លួនប្រើឈ្មោះស្ថាប័នកងយោធពលខេមរភូមិន្ទ (ពាក់ផ្កាយ៣) និងលាងលុយខ្មៅ។ ដោយឡែកបក្ខពួកម្នាក់ទៀត ត្រូវបានតុលាការអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសួរនាំហើយថាមិនជាប់ពាក់ព័ន្ធ។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅរសៀលថ្ងៃទី២៧ ខែមីនានេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរ យោធាតែក្លែងបន្លំ (ម្ចាស់អាវុធ និងលុយខ្មៅ) និងទី២-ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា ក្លែងបន្លំ (ជាអ្នកកាន់អាវុធ)។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ១១៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណៈដែលកម្លាំងសមត្ថកិច្ចចំរុះ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
សម្ភារដកហូតរួមមាន៖
ទី១៖ អាវុធខ្លីជ័រប្រើហ្គាស់មួយដើម
ទី២៖ ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក
ទី៣៖ ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ
ទី៤៖ ប្រាក់រៀលចំនួន២៥០០០រៀល
ទី៥៖ ម៉ូតូមួយគ្រឿងម៉ាក SZ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-8627
ទី៦៖ អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។
មន្រ្តីយោធាជាន់ខ្ពស់ម្នាក់ បានឲ្យដឹង ជនសង្ស័យទាំងនេះ ធ្លាប់បានដើរបោកប្រាស់គេជាច្រើនលើកមកហើយ ទើបតែជាប់ខ្មោះនៅពេលនេះ៕