(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅលើលោកនេះ គ្មានបរទេសណាអាចបង្គាប់បញ្ជាមកលើ សម្តេចបានទេ។ សម្តេចតេជោ ហ៊ុន សែន ចង់ផ្ញើសារនេះ ទៅកាន់ក្រុមអ្នកប្រឆាំងមួយចំនួន ដែលតែងតែយកបរទេស ដើម្បីមកគំរាមរដ្ឋាភិបាលកម្ពុជា។
ការប្រកាសរបស់សម្តេចតេជោ បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន ២,១២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់បែបនេះថា៖ «គ្មានបរទេសណា មកត្រួតក្បាល ហ៊ុន សែន បានទេ សូមនិយាយឱ្យច្បាស់»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកប្រឆាំងក្រៅច្បាប់ បានឃោសនាថា រដ្ឋាភិបាលជប៉ុន បានមកគាបសង្កត់ សម្តេចដើម្បីឱ្យចរចាជាមួយនឹងថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ប៉ុន្តែព័ត៌មាននេះ ត្រូវបានច្រានចោលទាំងស្រុង។ ការឃោសនាដើម្បីចំណេញនយោបាយនេះ បានធ្វើឡើងនាគ្រាដែល លោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជប៉ុនមិនបានមកដាក់គំនាបលើកម្ពុជា ដូចក្រុមអ្នកប្រឆាំងក្រៅច្បាប់បានលើកឡើងនោះទេ។ សម្តេចបានបញ្ជាក់យ៉ាង ដូច្នេះទៀតថា៖ «គេថា ជប៉ុនមកគាប ! ហ៉ឺ ! ជប៉ុនគឺជាប្រទេសមួយ ដែលខ្ញុំបានធ្វើការជាមួយពួកគេ គេមិនដែលធ្វើតាមរបៀបលោកឯងនិយាយនោះទេ សូម្បីតែភាសានិយាយក៏គេមានការប្រយ័ត្នប្រយែងដែរ។... ខ្ញុំបានងាកទៅសួរ សួរថា “ចរចាជាមួយនរណា” គាត់មិនហ៊ានទាំងឆ្លើយថា ចរចាជាមួយនឹងបក្សទេ គាត់គ្រាន់តែនិយាយថា ចរចាជាមួយមនុស្សមួយក្រុមដែលត្រូវបានកាត់សិទ្ធិនយោបាយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «គាត់មានការប្រុងប្រយ័ត្នណាស់ គាត់ថា គោរពអធិបតេយ្យភាពកម្ពុជា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា គោរពច្បាប់កម្ពុជា គោរពតុលាការកម្ពុជា បើគោរពតុលាការកម្ពុជា គាត់(ជប៉ុន) និយាយថាបក្សនយោបាយម៉េចនឹងកើតទៀត សូម្បីតែពាក្យបក្សសង្រ្គោះជាតិ១ម៉ាត់ ក៏គាត់អត់និយាយដែរ គ្រាន់តែនិយាយថា ចរចាជាមួយមនុស្សមួយក្រុម»៕