(ភ្នំពេញ)៖ នៅទីបំផុតខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទាន អាហារជាមួយគ្នានៅក្នុង ភោជនីយដ្ឋានឈ្មោះ ដាល់ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានឧត្តមសេនីយ៍ឯកទម្លាយហើយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញព័ត៌មានដ៏ធំមួយនៅកម្ពុជាគឺ Fresh News។
ការទម្លាយខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងមន្រ្តីយោធាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយលោក ជុន ច័ន្ទបុត្រ នាយករងគ្រប់គ្រង វិទ្យុអាស៊ីសេរី ជាខេមរភាសា ដើម្បីបង្ហាញឲ្យកាន់តែច្បាស់បន្ថែមនូវទង្វើលួចលាក់ក្បត់អង្គភាពរបស់ខ្លួន ខុសបទបញ្ជាផ្ទៃរបស់វិទ្យុអាស៊ីសេរី។ ហើយពិសេសជាងនោះទៀត ក្នុងខ្សែអាត់សម្លេងសន្ទនានោះ លោក ជុន ច័ន្ទបុត្រ បាននិយាយច្បាស់ៗហែកកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា សំណាងហើយដែលគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី មិនឈ្នះឆ្នោត កុំអីប្រទេសជាតិមិនដឹងធ្លាក់ដល់ប៉ុនណានោះទេ ហើយនិយាយទៀតថា លោក សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតទៅ។
នៅក្នុងខែ្សអាត់សម្លេងសំងាត់នោះ លោក ជុន ច័ន្ទបុត្រ បាននិយាយយ៉ាងដូច្នេះថា៖
«ខ្ញុំពីរនាក់លោក កែម ឡី ដែលមាន Show មួយគេនិយាយដល់រាល់ថ្ងៃ ដែលថាយើងសំណាងហើយដែលគណបក្សប្រឆាំងអត់ឈ្នះឆ្នោត គឺ Show ខ្ញុំណ៎ា [...] លោក កែម ឡី ធ្វើ Show ពីរនាក់ខ្ញុំ យើងសំណាងហើយអ្នកទាំងអស់គ្នា បានមើលអា Show ហ្នឹង យើងសំណាងហើយ ដែលគណបក្សប្រឆាំងអត់ឈ្នះឆ្នោត បើគណបក្សប្រឆាំងឈ្នះឆ្នោត មិនដឹងប្រទេសជាតិដល់ប៉ុនណាទេ ហើយ...លោកអើ..លោក សម រង្ស៊ី គឺផ្តាច់ការជាងលោក ហ៊ុន សែន ទៀត គឺ Show ខ្ញុំ ទៅមើលប្រវត្តិឡើងវិញ ....ដូច្នេះបើអ្នកមើល Show ខ្ញុំធ្វើដល់ប៉ុណ្ណឹង ខ្ញុំហ៊ានធ្វើដល់ប៉ុណ្ណឹង...[...] ហេតុអី លោក កែម ឡី គិតថា.. យើងសំណាងហើយដែល គណបក្សប្រឆាំងអត់ឈ្នះឆ្នោត»។
ការទម្លាយខ្សែអាត់សម្លេងសំងាត់នៅពេលនេះ ធ្វើឡើងតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថា លោកមានខ្សែអាត់សម្លេងសន្ទនានៅពេលទទួលទាន អាហាររួមគ្នាចំនួន៣នាក់ ប្រើប្រាស់ពេលវេលាប្រមាណ១ម៉ោង៤៥នាទី រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ ព្រមទាំងលោក រដ្ឋា វិសាល។
សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ នាយករងគ្រប់គ្រងការផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕
សូមស្តាប់សម្លេងសំងាត់ចំណុចមួយនៃកិច្ចសន្ទនារវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទាន អាហារជាមួយគ្នា៖