(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានបញ្ជាយ៉ាងដាច់ណាត់ឱ្យសមត្ថកិច្ច ទៅដកទូរស័ព្ទដៃរបស់ លោក មាជ សុវណ្ណារ៉ា អតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ចេញជាបន្ទាន់ បន្ទាប់ពីអ្នកទោសរូបនេះបានប្រើប្រាស់ទូរស័ព្ទដៃ ធ្វើនយោបាយចេញពីពន្ធនាគារ ទាំងខុសនឹងច្បាប់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាង២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា លោក មាជ សុវណ្ណារ៉ា បានទាក់ទង និងបញ្ជានយោបាយ ចេញពីពន្ធនាគារ និងបាននិយាយទូរស័ព្ទជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ គឺជាកំហុសរបស់អ្នកត្រួតពិនិត្យ នៅក្នុងពន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវ ខ្ញុំបញ្ជាឱ្យប៉ូលិស ទៅដកទូរស័ព្ទរបស់ មាជ សុវណ្ណារ៉ា ចេញភ្លាម! ហេតុអ្វីបានជាបណ្តោយឱ្យមាជ សុវណ្ណារ៉ា និយាយទូរស័ព្ទរាល់ថ្ងៃ តើប៉ូលិសយើងនៅគុកព្រៃសយ៉ាងម៉េច? សូមប៉ូលិសធ្វើភ្លាម ! ខ្លួនឯងជាអ្នកបញ្ជូនព័ត៌មាន (មាជ សុវណ្ណារ៉ា) មកខ្ញុំ ហើយម៉េចទុកឱ្យ មាជ សុវណ្ណារ៉ា នៅនិយាយទូរស័ព្ទរាល់ថ្ងៃ»

សម្តេចតេជោ ហ៊ុន សែន បានទុកឱសានវាទសម្រាប់សមត្ថកិច្ច និងឆ្មាំគុក ឱ្យដកទូរស័ព្ទរបស់លោក មាជ សុវណ្ណារ៉ា ក្នុងរយៈពេល១ម៉ោង។ សម្តេចបានលើកឡើងថា ទោះបីជាជាប់ពន្ធនាគារក៏ដោយ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា នៅតែមានចរឹតព្រហើនដដែល។ សម្តេចបញ្ជាក់ថា «ប្រាប់លោកឯងទៅ ជាប់គ្មានថ្ងៃចេញនោះទេ ព្រោះសម្តីលោកឯងព្រហើន»។ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានព្រមានដក មេប៉ូលិស និងអ្នកគ្រប់គ្រងពន្ធនាគារ បើសិនជាបន្តគ្រប់គ្រងពន្ធនាគារ មិនបានត្រឹមត្រូវ។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៤ ក្រោយបានប្រើអំពើហិង្សា បណ្តាលឱ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ និងសកម្មជនទាំង១០នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ។

កាលពីពេលកន្លងទៅ លោក មាជ សុវណ្ណារ៉ា ក៏ធ្លាប់ស្នើសុំសម្តេចតេជោ ហ៊ុន សែន ឱ្យស្នើលើកលែងទោសដល់ខ្លួនផងដែរ។

ពាក់ព័ន្ធនឹងការស្នើសុំឱ្យលើកលែងទោសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនស្នើលើកលែងទោស ឱ្យលោកមាជ សុវណ្ណារ៉ានោះទេ។ សម្តេចបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ នឹងមានការស្នើសុំព្រះមហាក្សត្រ លើកលែងទោស និងបន្ធូរបន្ថយទោស ដល់អ្នកទោសទូទៅ ប៉ុន្តែសម្តេចតេជោ ក៏បានព្រមានជាមុនថា មិនឱ្យបញ្ចូលឈ្មោះលោក មាជ សុវណ្ណារ៉ា ទៅក្នុងបញ្ជីនោះទេ៕