(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ដើម្បីជាការទាក់ទាញអ្នកវិនិយោគិនបរទេស ឲ្យកាន់តែច្រើនមកបណ្តាក់ទុន បន្ថែមលើគោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស កម្ពុជាបាន នឹងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយផល (Friendly Business Environment) ចំពោះវិនិយោគគិនបរទេសទាំងអស់ រួមទាំងការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគិនបរទេស អោយមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយភាពជឿជាក់។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នេះធ្វើឡើង ក្នុងពិធីជំនួបរវាងបណ្ឌិតសភាចារ្យ ជាមួយលោក Jun ARII នាយកគ្រប់គ្រងទូទៅនៃសាជីវកម្មមីតស៊ូប៊ីស្សីនៅកម្ពុជា នាឱកាសដែលលោកជម្រាបលា ខណៈដែលបេសកកម្មការងារ របស់លោកនឹងត្រូវបញ្ចប់នាដើមខែឧសភា ឆ្នាំ២០១៨ ខាងមុខ។
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលកើតពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោក Jun ARII ក្នុងអាណត្តិការងាររយៈពេល បួនឆ្នាំដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចដំណើរការនៃសាជីវកម្ម មីតស៊ូប៊ីស្សីនៅកម្ពុជា បានទទួលនូវជោគជ័យជាបន្តបន្ទាប់ ដែលជាកត្តាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការវិនិយោគនៅកម្ពុជា។
លោក Jun ARII បានជម្រាបដល់បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តីថា ក្នុងរយៈពេលបួនឆ្នាំនេះ បានមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា, និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ រៀបចំ បរិយាកាសវិនិយោគកាន់តែប្រសើរឡើង ដែលបានជំរុញឲ្យបេសកកម្មការងារ របស់លោកពិសេស សាជីវកម្ម មីតស៊ូប៊ីស្សី ទទួលបានជោគជ័យដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ។
លោកបានបញ្ជាក់បន្ថែមថា «ទោះបីជាខ្ញុំត្រូវបានទទួលតួនាទីថ្មីក៏ពិតមែន តែខ្ញុំនៅតែមានអារម្មណ៍ដិតដានជាមួយនឹង បទពិសោធន៍ក៏ដូចជាបរិយាកាស វិនិយោគល្អប្រសើរ ហើយខ្ញុំនឹងនៅតែបន្តបង្ហាញការពិត អំពីការអភិវឌ្ឍន៍ឥតឈប់ឈរ នាបរិការណ៍បច្ចុប្បន្នដល់អ្នក វិនិយោគិនបរទេសផ្សេងៗទៀតដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា»៕