(ព្រះសីហនុ)៖ អាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ រហូតដល់រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យស្រីប្រុស០៨នាក់ និងដកហូតបានថ្នាំញៀនជិត៤០កញ្ចប់។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើង​ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដោយកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន០៤នាក់ ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន នៅចំណុច​ហ្គេមបាញ់ត្រីឡាយអិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង​ព្រះសីហនុ។ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ស៊ីម រី ភេទស្រី អាយុ២៧ឆ្នាំ ដកហូតបាន​ ថ្នាំញៀនប្រភេទម្សៅសថ្លា​៣០កញ្ចប់

បើតាមលោកមេបញ្ជាការ រហូតដល់វេលាម៉ោង០៧៖០០​នាទីយប់ថ្ងៃដដែល ចុះបង្គ្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច​ក្រោយកាល់តិច សាលាឆទៀន ស្ថិតនៅ​ភូមិ៣ សង្កាត់២ ក្រុង​ព្រះសីហនុ។ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ប៉ុល ពិសី ភេទស្រី អាយុ២៦ឆ្នាំ ដកហូតបាន ម្សៅសថ្លា​១កញ្ចប់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បន្ដថា រួចកម្លាំងបានបង្រ្កាបបន្តទៀតនៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ សហការ​ជាមួយការិយាល័យជួញដូរគ្រឿងញៀន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណ្ឌអហពោធិ៍សែនជ័យ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការដ្ឋានយុត្តិធម៌ទទួលផែនគ្រឿងញៀន ចុះបង្គ្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច​ភូមិត្រពាំងឈូក សង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនបានមនុស្ស០៦នាក់ ទី១៖ឈ្មោះ សុខ គឹមសៀន អាយុ​២២ឆ្នាំ, ទី២៖ឈ្មោះ ភ័ណ្ឌ ឃីម ​អាយុ​១៦ឆ្នាំ, ទី៣៖ឈ្មោះ ជា យូ​សែប អាយុ​២១ឆ្នាំ, ទី៤៖ឈ្មោះ សុខ សុផត្តណា ​អាយុ​១៥ឆ្នាំ, ទី៥៖ឈ្មោះ ដួង វាសនា ​​អាយុ​២៤ឆ្នាំ និងទី៦៖ឈ្មោះ គង់ កេន ​អាយុ​៣៦ឆ្នាំ។ ដកហូតបាន ​ម្សៅសថ្លា​៤កញ្ចប់ និងទូរស័ព្ទ០៣គ្រឿង។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងបន្តនិតិវិធីនៅបញ្ជាការដ្ឋានអាវុធហត្ថ​ខេត្តព្រះសីហនុ៕