(ភ្នំពេញ)៖ ក្រោយបញ្ចប់សវនាការជាអសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល ពោលគឺពុំព្រមដោះលែងនោះទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍ ។ សវនាការនៅថ្ងៃនេះ គឺពុំមានវត្តមានលោកកឹម សុខា នោះទេ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕