(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៦៖៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
សពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន ត្រូវបានតម្កល់ទុកធ្វើបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពនឹងត្រូវដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបទុមវតី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៧៖០០នាទីព្រឹក។
សូមរំលឹកថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន ទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង០៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ ហើយសពដឹកតាមយន្តហោះពីទីក្រុងបាងកក មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែមីនា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្មាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាកឆ្ពោះមករកវឌ្ឍនភាព មកដល់ពេលបច្ចុប្បន្ន៕