(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និងទស្សនវិស័យ» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីធ្វើការចែករំលែក នូវព័ត៌មានដល់តួអង្គពាក់ព័ន្ធទាំងអស់បានជ្រាប និងស្វែងយល់កាន់តែច្បាស់ អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ពិសេសការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងសមិទ្ធកម្មខាង ផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាសម្រេច បាននៅក្នុងរយៈកាលកន្លងមក ក៏ដូចជាទស្សនវិស័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិទៅថ្ងៃមុខ។
វេទិកាសាធារណៈក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជា៖ សមិទ្ធកម្ម និងទស្សនវិស័យ»នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គម ស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនជាច្រើននាក់៕