(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសពីជំហរដាច់ណាត់របស់ខ្លួនថា នឹងគ្មានការចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូបដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ជប៉ុនមិនបានដាក់គំនាបណាមួយលើសម្តេចឲ្យមានការចរចាជាមួយទណ្ឌិត សម រង្ស៊ី នោះដែរ។
ការបញ្ជាក់ជំហរដ៏ដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បិទបញ្ចប់ការចរចាជាមួយទណ្ឌិត សម រង្ស៊ី នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។
ការបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សាយមួយចំនួន រួមទាំងអតីតថ្នាក់ដឹកនាំមេដឹកនាំអតីតបក្សសង្គ្រោះជាតិផងនោះ ជាពិសេសគឺទណ្ឌិត សម រង្ស៊ី តែម្តង បានបង្ហាញក្តីសង្ឃឹមខ្ពស់ទៅលើលទ្ធភាពចរចាជាមួយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានជំនួបមួយរវាងសម្តេចជាមួយលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ បើតាមសម្តេចតេជោ លទ្ធភាពនៃការចរចាមិនអាចធ្វើទៅបានដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធរករាជរដ្ឋាភិបាលជាដើម។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ប្រកាសដាច់ខាតអត់ចរចាប្រាប់ឲ្យហើយ។ ខ្ញុំបញ្ជាក់តែពីរចំណុចទេ ទី១គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឲ្យពួកក្រុមក្បត់ជាតិនេះទេ។ លោកឯងចង់ថាម៉េចថាទៅ ធ្វើអីធ្វើទៅកាលពីមុនម៉េចលោកឯងមិននៅឲ្យស្ងៀម ធ្វើឲ្យវាស្រួល លោកឯងបង្កើតនូវហឹង្សាតាមរយៈនៃការដុតរូប ហ៊ុន សែន គ្រប់ទីកន្លែង»។
មិនត្រឹមតែប្រកាសបិទច្រកចរចានោះឡើយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញនូវគោលការណ៍៣ចំណុចថែមទៀត សម្រាប់ការអនុវត្តជាមួយក្រុមបក្សដែលត្រូវរំលាយ។ គោលការណ៍៣ចំណុចនោះ គឺពីរអត់ និងមួយមាន «អត់ចរចា អត់ដោះលែង និងមានការបោះឆ្នោត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱកាសនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនមានទៀតនោះទេ ហើយថែមទាំងប្រកាសអនុវត្តន៍នយោបាយដែលដាក់ចេញដោយលោក សម រង្ស៊ី «មានសែន អត់ស៊ី មានស៊ី អត់សែន» ផងដែរ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បច្ចុប្បន្ន «មានតែសែន អត់មានស៊ីនោះឡើយ»។
សម្តេចតេជោ បានសង្កត់ថា សម្តេចនឹងកម្ចាត់លោក សម រង្ស៊ី ឲ្យដូចដែលសម្តេចកម្ចាត់ ប៉ុល ពត យ៉ាងដូច្នោះដែរ។ «ខ្ញុំដាក់ចេញនយោបាយដូចកម្ចាត់ហ្អែងដូចកម្ចាត់ ប៉ុល ពត អ៊ីចឹង។ ប៉ុល ពត ប៉ុណ្ណឹងគង់អស់រលីងហ្អែងខ្លាំងអី»។
ដើម្បីបំភ្លឺទៅនឹងការផ្សព្វផ្សាយមួយចំនួនថា ជប៉ុនកំពុងចូលខ្លួនសម្របសម្រួលនយោបាយនៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសបញ្ជាក់ថា ក្នុងជំនួបជាមួយលោក Kentaro Sonoura បាននិយាយលើការងារច្រើនពាក់ព័ន្ធលើបញ្ហាតំបន់ ហើយនៅចុងបញ្ចប់ ក៏មានចោទសួរសម្តេចពីលទ្ធភាពក្នុងការចរចាជាមួយអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដោយមិនបានចុចឲ្យចំឈ្មោះផងនោះទេ។
សម្តេចនាយករដ្ឋមន្ត្រីអះអាងថា ជប៉ុនមិនលូកចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអធិបតីរបស់កម្ពុជា ហើយជប៉ុនធ្វើកិច្ចការដើម្បីប្រជាពលរដ្ឋជាង ១៥លាននាក់ មិនមែនធ្វើដើម្បីតែក្រុមថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិប៉ុន្មាននាក់ដែលបានកាត់សិទ្ធិនយោបាយនោះឡើយ។
សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «គ្មានបរទេសណាមកត្រួតក្បាល ហ៊ុន សែន បានទេ សូមនិយាយឲ្យច្បាស់។ គេថាជប៉ុនកំពុងមកកៀប ជប៉ុន គឺជាប្រទេសមួយ ដែលខ្ញុំបានធ្វើការជាមួយប្រទេសគេ គេមិនដែលធ្វើតាមរបៀបដូចដែលលោកឯងនិយាយនោះទេ។ សូម្បីតែភាសានិយាយក៏ប្រយ័ត្នប្រយែងដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា នៅសប្តាហ៍ក្រោយនេះ នឹងមានជំនួបពិភាក្សាការងារមួយរវាងសម្តេចជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ហើយក្រោយជំនួបនោះ នឹងមានការចុះហត្ថលេខាផ្តល់ជំនួយរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា តែគ្មានប្រធានបទនិយាយពីអតីតបក្សសង្គ្រោះជាតិ ដែលបានរំលាយ និងថ្នាក់ដឹកនាំដែលកាត់សិទ្ធិនយោបាយនោះឡើយ៕