(ភ្នំពេញ)៖ លោកមេធាវីសំ សុគង់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សវនាការសភាស៊ើបសួរសាលាឧទ្ធរណ៍ លើសំណុំរឿងប្តឹងប្រឆាំងនឹងការពន្យារពេលឃុំខ្លួនរបស់ លោក កឹម សុខា នៅតែបន្តធ្វើជាធម្មតា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ ទោះបីជាអវត្តមានជនជាប់ចោទយ៉ាងណាក៏ដោយ ប៉ុន្តែករណីនេះ មិនបានខុសនឹងនីតិវិធីទេ។
បើតាមដីកាអញ្ជើញ លោកមេធាវីសំ សុគង់ ឱ្យចូលរួមសវនាការ បានបង្ហាញថា សវនាការនេះ នឹងធ្វើឡើងនៅវេលាម៉ោង៨៖០០ព្រឹក សាលសវនាការទី៣ លើបទចោទប្រកាន់ សន្ធិដ្ឋិភាពជាមួយបរទេស ឬ ហៅថាបទល្មើសក្បត់ជាតិ ហើយលោក កឹម សុខា ត្រូវបានរំពឹងថា នឹងចូលសវនាការនៅព្រឹកនេះដែរ។
លោកមេធាវីសំ សុគង់ អះអាងថា កម្មវត្ថុសំខាន់នៃសវនាការនេះ គឺក្រុមមេធាវីប្តឹងប្រឆាំងនឹងដីកាសម្រេចពន្យារពេលឃុំខ្លួន៦ខែ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមមេធាវីថ្លែងថា ការសម្រេចឃុំខ្លួនលោក កឹម សុខា គឺ មិនត្រឹមត្រូវ ហើយទាមទារឱ្យមានការដោះលែង។ ប៉ុន្ដែយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់ថា ជនណាជាប់ចោទបទឧក្រិដ្ឋ គឺចៅក្រមស៊ើបសួរអាចពន្យារពេលនៃការឃុំខ្លួនបាន ដោយមានសំអាងហេតុ និងមូលហេតុច្បាស់លាស់។
គួររំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕