(កំពង់ចាម)៖ ក្រុមនិស្សិតមកពី១០សាកលវិទ្យាល័យល្បីៗនៅភ្នំពេញ បានមូលមតិគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយ ចែកសម្ភារៈសិក្សាកុមារ៣៤៧នាក់ និងរៀបចំបុណ្យភូមិ «សាលាឫស្សីស្រុកក្រោម» នៅសាលាបឋមសិក្សាឫស្សីស្រុកក្រោម ស្ថិតនៅភូមិត្នោតលើ និងត្នោតក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យទាំងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យន័រតុន (NU) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យភ្នំពេញ (UPP) សាកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(US) សាកលវិទ្យាល័យចេនឡា(CLU) សាកលវិទ្យាល័យកម្ពុជា(UC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយកម្មវិធីនេះ ក៏មានការសហការពី អង្គការមូលនិធិរួមគ្នាដើម្បីការអប់រំ និងសុខភាពកុមារ យុវជនរាជធានីភ្នំពេញ និងយុវជនដើម្បីមនុស្សធម៌ក្នងសហគមន៍ ព្រមទាំងមានការចូលរួមពីតំណាងនាយកសាលា គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនជាច្រើននាក់ផងដែរ។

គោលបំណងនៃកម្មវិធីសប្បុរសធម៌នេះរួមមាន៖

* ១៖ ចែករម្លែកចំណេះដឹង ការបង្រៀនគូរគំនូរ ការច្នៃសម្រាម និងរៀបចំសម្រាម
* ២៖ ចែកសម្ភារៈដល់កុមារចំនួន ៣៤៧នាក់ និងលើកទឹកចិត្តក្នុងការសិក្សា ចែកអំណោយជួនគ្រួសារចាស់ជរា
* ៣៖ រៀបចំឲ្យសិស្សធ្វើពិធីដឹងគុណគ្រូ និងសូមខមាទោសគ្រួ
* ៤៖ ការទទួលទានអាហារសាមគ្គីជុំគ្នា ចេះសហការគ្នា និងរាប់អានគ្នាដោយក្តីស្រឡាញ់
* ៥៖ រៀបចំសង្ក្រាន្ត លេងល្បែងប្រជាប្រិយ (ទាញព្រ័តខ្នាតធំ វាយក្អម លាក់កន្សែង ដណ្តើមស្លឹកឈើ……) រាំចង្វាក់ប្រពៃណី និងកម្មវិធីអប់រំជាច្រើនទៀត។

គណៈកម្មការទ្រទ្រង់សាលា បានថ្លែងសរសើរសកម្មភាពនេះ ជាការរួមចំណែកលើកស្ទួយវិស័យអប់រំ លើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ រក្សាវប្បធម៌ជាតិខ្មែរ និងអប់រំឲ្យសិស្សានុសិស្សមានការយល់ដឹងច្រើនអំពីការរៀបចំខ្លួនក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោកតំណាងនាយកសាលា បានថ្លែងអំណរគុណ និងសំណូមពរឲ្យមានកម្មវិធីសប្បុរសធម៌បែបនេះជាច្រើនទៀត និងបានណែនាំឲ្យកុមារៗ ចេះយកតាមតម្រាប់សិស្សច្បងទាំងអស់ ដែលមកពីសាកលវិទ្យាល័យនៅភ្នំពេញ ដើម្បីឲ្យពួកគេក្លាយជាទំពាំងស្នងសកម្មភាពទាំងនេះសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ៕