(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។
និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត៧នាក់ផងដែរ។ និស្សិតដែលទទួលសញ្ញាបត្រនេះក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣៩នាក់ នារី១៧នាក់ ហើយក៏មាននិស្សិតពិការជើងចំនួន ៣នាក់ផងដែរ។
បណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាត់ទុកវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែផ្តល់កិត្តិយសផ្តល់សញ្ញាបត្រដល់និស្សិតរបស់លោក គឺ បានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះវិស័យអប់រំ ដែលជាវិស័យអាទិភាព មានចែងក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងទិសដៅបន្តការពង្រឹងសមត្ថភាព និង គុណភាពប្រកួតប្រជែង ដើម្បីចូលរួមចំណែកលើការអភិវឌ្ឍ វិស័យអប់រំ ក៏ដូចជាសង្គមជាតិទាំងមូល ក្នុងដំណាក់កាលថ្មី នៃការធ្វើសមាហរណកម្មក្នុងតំបន់ និង ពិភពលោក។
លោកបណ្ឌិត ឌួង លាង បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៥ កន្លងមកនេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ១៨,៧៥៧ នាក់ មាននារី ៥,៨៥៣នាក់។
ដោយយោងតាមការស្ទង់មតិប្រចាំឆ្នាំ លោកប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអះអាងនិស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មានការងារធ្វើ ១០០% និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាត្ររង មានការងារធ្វើចំនួន ៧៦.៥២% ក្នុងនោះការងារ ត្រូវនឹងជំនាញចំនួន ៥១.១៦% ការងារមិនត្រូវជំនាញចំនួន ៤៦.១៥% និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ចំនួន ២.៦៩%៕