(ម៉ូស្គូ)៖ ថ្មីៗនេះសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានសម្រេចបណ្តេញមន្ត្រីទូតរុស្ស៊ី ចេញពីដែនដីរបស់ខ្លួនដោយចោទប្រកាន់រុស្ស៊ី ថា បានបំពុលជនជាតិរុស្ស៊ីម្នាក់ និងកូនស្រីក្នុងចេតនាចង់សម្លាប់ ដែលបច្ចុប្បន្នជនរងគ្រោះទាំងពីរ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាខ្លាំង។ ជាការឆ្លើយតបរុស្ស៊ី ក៏សម្រេចចិត្តបណ្តេញមន្ត្រីទូតអាមេរិក និងអង់គ្លេសចេញពីដែនដីរបស់ខ្លួនដូចគ្នា ដែលបង្កឱ្យទំនាក់ទំនងរវាងរុស្ស៊ី ជាមួយលោកខាងលិចឈានទៅរកភាពយ៉ាប់យឺនជាលំដាប់។
ទាក់ទិននឹងបញ្ហានេះ បង្កឱ្យមានការចោទជាចម្ងល់ថា ហេតុអ្វីរុស្ស៊ី មានបំណងចង់សម្លាប់ជនជាតិឯងបែបនេះ? តើរុស្ស៊ីបានប្រយោជន៍អ្វីពីការធ្វើឃាតបុគ្គលម្នាក់នោះ? កត្តាអ្វីជំរុញឱ្យការបំពុលជនជាតិរុស្ស៊ីម្នាក់ បង្កឱ្យទំនាក់ទំនងរុស្ស៊ី អាមេរិក និងអឺរ៉ុប ត្រូវល្អក់កកររហូតឈានដល់ការបណ្តេញទូតបែបនេះ? ខាងក្រោមនេះជាព័ត៌មានសំខាន់ៗជុំវិញ ហេតុការណ៍ខាងលើនេះ៖
លោក Sergei Viktorovich Skripal ជាជនរងគ្រោះ កើតឆ្នាំ១៩៥១ អតីតមន្ត្រីភ្នាក់ងារស៊ើបការណ៍យោធាជនជាតិរុស្ស៊ី តែបម្រើការជាភ្នាក់ងារស៊ើបការណ៍ សម្រាប់អង់គ្លេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០។ ក្នុងខែធ្នូ ឆ្នាំ ២០០៤ លោកត្រូវបានចាប់ខ្លួន ដោយភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី និងត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិធ្ងន់ធ្ងរ និងជាប់ពន្ធធនាគាររយៈពេល១៣ឆ្នាំ។ លោកបានរស់នៅចក្រភពអង់គ្លេស បន្ទាប់ពីលោកត្រូវបានដោះលែង ក្នុងកម្មវិធីដោះដូរអ្នកទោសដែលជាអ្នកស៊ើបការរវាងអង់គ្លេស និងរុស្ស៊ីក្នុងឆ្នាំ២០១០។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨នេះ លោក Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ូស្គូ។ នៅថ្ងៃកើតហេតុ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការម្នាក់ បានដើរឆ្លងកាត់ បានប្រទះឃើញលោក និងកូនស្រីសន្លប់ នៅលើកៅអីសាធារណៈមួយក្បែរហាងលក់ទំនិញ។ ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Salisbury ហើយត្រូវបានគេរកឃើញថា ជនរងគ្រោះត្រូវបានគេបំពុលដោយសារធាតុបំផ្លាញប្រព័ន្ធ សសៃប្រសាទម្យ៉ាង។ ប៉ូលីសបានប្រកាសថា នេះជាហេតុការណ៍ដ៏គ្រោះថ្នាក់ ដោយក្នុងនោះក៏មានភ្នាក់ងារក្រុងចូលរួមអន្តរាគមន៍ផងដែរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរសុខាភិបាល បានធ្វើការត្រួតពិនិត្យមនុស្ស២១នាក់ផ្សេងទៀត ដែលជាភ្នាក់ងារសង្គ្រោះបន្ទាន់ និងសាធារណជន ដែលរងគ្រោះដោយសារធាតុពុលនេះដែរ ក្នុងចំណោមនោះពីរនាក់ស្ថិតក្នុងស្ថានភាពស្រាល ខណៈដែលម្នាក់ទៀតគឺលោក Nick Bailey ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គិតដល់ត្រឹមថ្ងៃទី១១ ខែមីនាកន្លងទៅនេះ លោកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដោយឡែកលោក Nick Bailey បានប្រសើរឡើងបន្តិចវិញ។
ដោយការស៊ើបអង្កេតដោយពឹងផ្អែកលើសារធាតុនេះ បានបង្ហាញថា ការបំពុលនេះមានចេតនាចង់ធ្វើឃាតតែម្តង។ បន្ទាប់ពីការបំពុលនេះ មន្ត្រីរុស្ស៊ីបានលើកឡើងថា ពួកគេគ្មានព័ត៌មានដែលបញ្ជាក់ពីសញ្ជាតិលោក Sergei ឡើយ។ យ៉ាងនេះក្តីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មន្ត្រីទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បានលើកឡើងថា លោក Sergei Skripal ពិតជាជនជាតិរុស្ស៊ីពិតមែន។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានកំណត់អត្តសញ្ញាណភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទមានឈ្មោះថា Novichok នេះ ដែលត្រូវបានផលិតឡើងដោយរុស្ស៊ីផ្ទាល់តែម្តង ទើបទាមទារការពន្យល់ពីរដ្ឋាភិបាលរុស្ស៊ី។ ពីរថ្ងៃបន្ទាប់លោកស្រី May បានលើកឡើងថា រុស្ស៊ី ជាអ្នកដែលមានពាក់ព័ន្ធនឹងហេតុការណ៍នេះ ព្រមទាំងប្រកាសបណ្តេញទូតរុស្ស៊ី ២៣នាក់ចេញទុកជាការសងសឹក។
ជាការឆ្លើយតបចំពោះទង្វើរបស់អង់គ្លេស រុស្ស៊ី បានប្រកាសថា ខ្លួននឹងនិរទេសមន្ត្រីទូតអង់គ្លេស២៣នាក់ចេញពីរុស្ស៊ីដូចគ្នា ព្រមទាំងបិទស្ថានកុងស៊ុល អង្គការវប្បធម៌ របស់អង់គ្លេសនៅរុស្ស៊ីផងដែរ។
ជាមួយគ្នានេះដែរ លោក Donald Tusk ប្រធានសហភាពអឺរ៉ុប បានលើកឡើងនៅថ្ងៃចន្ទនេះថា សមាជិកទាំង១៤ក្នុងនោះរួមទាំងប៉ូឡូញ បារាំង របស់សហភាព អឺរ៉ុបនឹងនិរទេសមន្ត្រីទូតរុស្ស៊ីចេញពីប្រទេសដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បាននិរទេសមន្ត្រីទូតរុស្ស៊ី ៦០នាក់ចេញពីដែនដីអាមេរិកដូចគ្នា។ ប្រធានាធិបតីរូបនេះ ក៏បានចេញបញ្ជាឱ្យបិទស្ថានកុងស៊ុលរុស្ស៊ីផងដែរ ដើម្បីជាការសងសឹក។ កាណាដា បានប្រកាសបណ្ដេញមន្ត្រីរុស្ស៊ី០៤នាក់ដែរ។
លោក Sergei Skripal ជាអតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពេលសម្លាប់នៅក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក ទល់ពេលនេះ អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបាន ច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ព្រមទាំងបានបណ្ដេញមន្រ្តីទូតអង់គ្លេស២៣នាក់ ចេញពីប្រទេសជាការសងសឹក។
ភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ផងដែរថា រដ្ឋាភិបាលម៉ូស្គូប្រកាសនិរទេសមន្ត្រីទូតអាមេរិកចំនួន ៦០នាក់ចេញពីប្រទេស រុស្ស៊ី ជាការសងសឹកចំពោះទង្វើរបស់ប្រធានាធិបតីអាមេរិក និងប្រកាសសងសឹកដល់បណ្តាប្រទេសនៅអឺរ៉ុបម្តងមួយៗ។ ដោយសារការបំពុលទៅលើភ្នាក់ងារស៊ើបការណ៍ ជនជាតិរុស្ស៊ី ក្នុងចេតនាសម្លាប់ បូករួមទាំងភាពល្អក់កករមួយចំនួននាពេលលកន្លងមក ធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចឈានទៅរកស្ថានភាព កាន់តែដុនដាបជាលំដាប់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា