(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង០៤៖៥២នាទីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ការផ្ដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F20) មូលហេតុដោយសារ មានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជន កាយលូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។
បើតាមអគ្គិសនីកម្ពុជា មូលហេតុនេះហើយ ទើបបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ភូមិសែនសុខ សង្កាត់សែនសុខ, ភូមិឃ្មួញ ភូមិសំរោង និងភូមិបន្លាស្អិត សង្កាត់ឃ្មួញ និងភូមិត្រពាំងស្វាយ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ក្រោយមានបញ្ហានេះ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៧៖១៧នាទីយប់។
បន្ថែមពីនេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អគ្គិសនីកម្ពុជា ក៏សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី ពីសំណាក់អតិថិជនផងដែរ៕