(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ មុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយនាយ នាយរង និងពលអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយ អំណោយជាចំណងដៃ អបអរសាទរបុណ្យចូលឆ្នាំថ្មី សម្រាប់កងកម្លាំងគ្រប់ៗគ្នា។
ក្នុងឆ្នាំថ្មីនេះក៏មិនខុសគ្នានឹងឆ្នាំមុនៗដែរ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ គេសង្កេតឃើញ កញ្ចប់នំពាទឹកសុទ្ធ ទឹកដោះគោ អាវយឺត និងទឹកក្រូចដប ចំនួន២៥០០កេស តម្រៀបត្រៀបត្រា ដែលឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានរៀបចំសម្រាប់ចែកជូនដល់ នាយនាយរង និងពលអាវុធហត្ថរាជធានីភ្នំពេញទាំងមូល។
ជាកិច្ចចាប់ផ្តើម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ការងារ។
ក្នុងឱកាសដ៏សែនមនោរម្យ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានរលឹក ពីលទ្ធផល ស្នាដៃរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់កងឯកភាព ទាំងការកសាង, ការបង្ក្រាបបទល្មើស, ការចូលរួម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់កម្មវិធីបុណ្យជាតិ ការពារសុវត្ថិភាពជូនប្រតិភូជាតិអន្តរជាតិ, ការជួយយកអាសារប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ លើដងផ្លូវ ដោយសង្គ្រោះបឋមលាងនិងរុំរបួស ការជួយសម្រួល ចរាចរណ៍នៅកន្លែងកកស្ទះ, ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា, ការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង គឺសុទ្ធតែជាទង្វើដែលប្រជាជន មហាជន ជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ស្រឡាញ់ គាំទ្រ និងកោតសរសើរគ្រប់ៗគ្នា។
ដូច្នេះក្នុងនាម លោកជាមេបញ្ជាការ ពិតជាមានមោទនភាពយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ចំពោះការលះបង់កម្លាំងកាយកម្លាំងចិត្ត បំពេញការងារទាំងយប់ទាំងថ្ងៃប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់បន្ថែមថា ឆន្ទៈនិងភាពស្មោះត្រង់នៃការបំពេញការងាររបស់បងប្អូន គឺជា ការរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថេរភាពសង្គម ដូច្នេះសូមឲ្យបងប្អូនបន្ត ឆន្ទៈស្មោះត្រង់ទាំងនេះ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលាយកចិត្តទុក ដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញតម្រង់ទិសរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យបានម៉ឹងម៉ាត់ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ដែលប្រទេសជាតិយើង កំពុងមាន សព្វថ្ងៃ ឲ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ និង ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌កើតឡើងជាដាច់ខាត។
សម្តេចគឺជាមេដឹកនាំដ៏ល្អ ដែលពិភពលោក ហៅថាជាបុរសខ្លាំងមុនគេ តែឥឡូវនេះ ក៏មាន ប្រធានាធិបតី០២រូបផ្សេងទៀត ត្រូវបានពិភពលោកហៅថា ជាបុរសខ្លាំង ដូចសម្តេចដែរនោះគឺ៖ ប្រធាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្សី លោក ពូ ទីន។ ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាស់ តឿនក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ មុនពេលចេញ ប្រតិបត្តិការ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យមានសណ្តាប់ធ្នាប់ តាំងពីក្បាលដល់ចុងជើង ធ្វើខ្លួនឲ្យមានតម្លៃ ត្រូវបំពេញការងារប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស ហាមប្រាស់ចាកពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ត្រូវតាំងខ្លួនជាអ្នកបម្រើរាស្ត្រជានិច្ចមិនមែនធ្វើជាចៅហ្វាយរាស្ត្រនោះទេ។
នៅក្នុងខែមេសាឆ្នាំ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាល បាន ប្រកាសតម្លើងប្រាក់បៀវត្សរ៍ឲ្យដល់មន្ត្រីយើងគ្រប់ៗគ្នា ដែលជាកត្តាលើកទឹកចិត្តនិងជួយឲ្យជីវភាពគ្រួសារ របស់យើងកាន់តែប្រសើរឡើង ជាមួយគ្នានេះយើងក៏ត្រូវមានគំនិតក្នុងការ ត្រេះរិះពិចារណា លើការរៀបចំផែនការសេដ្ឋកិច្ចគ្រួសារឲ្យបានត្រឹមត្រូវ ដែលគំនិតនេះ ប្រៀបដូចជាកញ្ចប់ថវិកាដ៏ធំមួយ ជួយឲ្យយើងជៀសផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ តែកុំភ្លេចត្រូវយកចិត្ត ទុកដាក់ ថែរក្សាសុខភាពខ្លួនឯងឲ្យបានគ្រប់គ្នាតាមរយៈ ការតមអាហារ និងការហាត់ប្រាណជាប្រចាំ។ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាកុំបីខាន៕