(កំពង់ចាម)៖ ប្រជាពលរដ្ឋពិតជាសប្បាយរីករាយ នៅពេលដែលផ្លូវ១ខ្សែនេះ ត្រូវបានជួសជុលឲ្យរួចមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រោមការចង្អុលបង្ហាញរបស់ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ។

ជាក់ស្ដែងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យផ្លូវក្រាលដីដា ១ខ្សែ ប្រវែង ៨,៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិរមូល ឃុំរអាង ឆ្ពោះទៅភូមិវាលក្រៀល ឃុំទ្រាន នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ផ្លូវមួយខ្សែនេះ ជាប្រភេទគម្រោងជួសជុលបន្ទាន់ប្រើប្រាស់ថវិកា និងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ និងជនបទ។

គួរំលឹកផងដែរថា នាសប្តាហ៍មុននេះ ក្រោយពីបានពិនិត្យផ្លូវពីស្រុកស្ទឹងត្រង់ ទៅស្រុកកំពង់សៀម ដោយមើលឃើញថាប្រជាជននៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរមកកាន់ក្រុងកំពង់ចាម  ក៏ដូចជាទៅកាន់តំបន់នានា លោកក៏បានជំរុញឲ្យមន្រ្តីជំនាញពិនិត្យសិក្សា ជាលទ្ធផលផ្លូវនេះក៏បានចាប់ផ្តើមជួសជុលឡើងវិញ ដើម្បីតម្រូវការឲ្យប្រជាពលរដ្ឋបានប្រើប្រាស់៕