(ភ្នំពេញ)៖ គូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងដំបូងមួយគូ បាននាំយកថវិកា ដែលជាចំណងដៃរបស់ខ្លួន ចំនួន៣លាន៤៥ម៉ឺនរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្រ្គោះកុមារកម្ពុជា។

លោក ហេង វិចិត្រដារ៉ូ និងអ្នកស្រី ថូ គឹមនុត ដែលជាស្វាមី ភរិយា ទើបរៀបការថ្មីថ្មោងមួយគូនេះ បានរៀបរាប់ថា មូលហេតុដែលពួកគាត់ នាំយកថវិកាប្រគល់ជូនដល់មន្ទីរគន្ធបុប្ផានេះ គឺជា​បំណង​ប្រាថ្នារបស់ពួកគាត់ទាំង២នាក់ តាំងពីមុនរៀបអាពាហ៍ពិពាហ៍ ដោយពួកគាត់តែចូលចិត្ត​ធ្វើកម្មវិធី​សប្បុរសធម៌ ហើយនឹងបានតាំងចិត្តថា បើបានរៀបអាពាហ៍ពិពាហ៍កាលណា និងរំលែកយក​ប្រាក់ជាចំណងដៃរបស់ខ្លួនមួយចំនួនមកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឱកាសនេះដែរ ពួកគាត់ក៏ហាក់បានសម្ដែងនូវក្ដីរីករាយយ៉ាងខ្លាំង ដោយបានសម្រេចបំណង ប្រាថ្នារបស់ខ្លួនទាំង២នាក់។ គូស្វាមីភរិយាមួយគូនេះ ក៏បានអំពាវនាវឲ្យគូស្វាមី ភរិយា និងប្រជាពលរដ្ឋខ្មែរដ៏ទៃទៀត គួរចូលរួមឲ្យបានផុសផុល ប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជា។

លោកវេជ្ជបណ្ឌិត ឌែនីស ឡូរ៉ង់ នាយកប្រតិបត្តិមន្ទីរ​ពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះគូស្វាមីភរិយាមួយគូនេះ ដែលមានទឹកចិត្តដ៏សប្បុរសដោយបាននាំយកថវិកាដែលជា​ចំណងដៃអាពាហ៍ពិពាហ៍របស់ខ្លួន មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

លោកក៏បានលើកឡើងដែរថា នេះជាទង្វើដ៏ប្រពៃសម្រាប់ជាគម្រូដល់ប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាពទាំងអស់ ក្នុងការចូលរួមចំណែកទាំងអស់គ្នា ដើម្បីឲ្យមន្ទីរពេទ្យមួយនេះអាចដំណើរ​ការក្នុងការសង្រ្គោះកុមារកម្ពុជាបន្ដទៅមុខទៀតបាន៕