(ប្រទេសថៃ)៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ស៊ំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មថៃ អំពីការធ្វើពាណិជ្ជកម្មតាមព្រំដែន និងការជំរុញការវិនិយោគរវាងប្រទេសថៃ និងកម្ពុជា។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក នីយ៉ុម វ៉ារ៉ាត់ផានី (Niyom wairatpanij ) អនុប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម នៃប្រទេសថៃ និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោក ប្រធាន អនុប្រធាន សភាពាណិជ្ជកម្មទាំង៩ខេត្តដូចជា៖ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាម ខេត្តឧត្តមានជ័យ ខេត្តពោធិសាត់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Indochina Aranyaprathet ខេត្តស្រះកែវ ប្រទេសថៃ។
លោកស្រី ស៊ំ ហៀង បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើផ្នែកពាណិជ្ជកម្មឲ្យប្រសើឡើង និងការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ នៃបណ្តាខេត្តជាប់ព្រំដែន ស្របតាមគោលនយោបាយ នៃរាជរដ្ឋាភិបាល ប្រទេសយើងទាំងពីរ ក្នុងការជំរុញ ឲ្យសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានទ្វេរដង ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសពង្រឹងពង្រីកទំនាក់ទំនងគ្នា ក្នុងនាមជាបងជាប្អូនរវាងសភាពាណិជ្ជ តាមបណ្តាខេត្តជាប់ព្រំដែន ធ្វើការងារជាមួយគ្នាឲ្យកាន់តែល្អប្រសើរដោយលើយកបញ្ហាប្រឈមនានា ដាក់ជូនភាគីសភាពាណិជ្ជកម្មថៃ ក៏ដូចជារដ្ឋបាលខេត្តថៃនៅជាប់ព្រំដែន លើការងារពាណិជ្ជកម្ម វិនិយោគ ការងារសន្តិសុខតាមព្រំដែន និងបទល្មើសឆ្លងដែនជាដើម។
លោក ស៊ំ ហៀង ក៏បានសំណូមពរដល់សភាពាណិជ្ជកម្ម និងរដ្ឋបាលខេត្តរបស់ថៃ ដែលជាប់ព្រំដែនជាមួយកម្ពុជា ឱ្យបន្តយកចិត្តទុកដាក់លើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឲ្យបានល្អទាំងសកម្មភាព និងខ្លឹមសារបង្កើតបរិយាកាសទំនាក់ទំនងគ្នាប្រចាំថ្ងៃ ប្រចាំសប្តាហ៏ ផ្នែកព័ត៌មានសភាពាណិជ្ជកម្ម និងវិនិយោគតាមគ្រប់មធ្យោបាយ ដែលងាយស្រួលសាមញ្ញ ចំណេញពេលវេលា ចំណេញថវិកា ដើម្បីមានវិធីសាស្ត្រ ដោះស្រាយបញ្ហាដែលចាំបាច់ ពិនិត្យលទ្ធភាពផ្តល់ ឲ្យមានទស្សនកិច្ចសិក្សាទៅវិញទៅមកព្រមទាំងសុំឲ្យខាងថៃ ទៅបើកសិក្ខាសាលា ឬវគ្គបំប៉នជំនាញវិជ្ជាជីវៈ រយៈពេលខ្លីដល់កម្ពុជា ខេត្តតាមព្រំដែនតាមដែលអាចធ្វើទៅបានដើម្បីឲ្យប្រជាជនកម្ពុជា មានលទ្ធភាពកសាងជីវភាព គ្រួសារបានល្អប្រសើរ និងធ្វើឲ្យពួកគាត់មានវិជ្ជាជីវៈជួយខ្លួនឯង ធ្វើខ្លួនឯងបានលទ្ធផលខ្លួនឯងជឿជាក់លើខ្លួនឯង។
លោក នីយ៉ុម វ៉ារ៉ាត់ផានី (Niyom wairatpanij) បានថ្លែងថា ការពិភាក្សាគឺមានគោលបំណងបីទី១៖ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ការនាំចេញនាំចូលឲ្យបានរលូន, ទី២៖ ការនិយោគរវាងប្រទេសថៃ និងកម្ពុជា និងទី៣៖ ការបង្កើតទេសចរណ៍ ឲ្យមានការពេញចិត្ត និងកិច្ចសហប្រតិបត្តិការណ៍រវាងសភាពាណិជ្ជកម្មកម្ពុជា និងថៃឲ្យបានល្អជានិច្ច។ ដូច្នេះសភាពាណិជ្ជកម្មកម្ពុជា និងថៃ ត្រូវយកចិត្តទុកដាក់ សហការសាមគ្គី ក្នុងការអនុវត្តទៅតាមគោលការច្បាប់យុទ្ធសា្រស្តរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យមានប្រសិទ្ឋិភាព។
លោក នីយ៉ុម វ៉ារ៉ាត់ផានី បានបន្តថា ចំពោះបញ្ហាដែលសភាពាណិជ្ជកម្មទាំង៩ខេត្ត របស់កម្ពុជា ដែលបានលើកឡើងមានដូចជា៖ ការបើកច្រកអន្តរជាតិ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ការរៀបចំលក់ដូមិនទាន់សមស្រប ការដឹកជញ្ជូនកសិផលកសិកម្មនាំចេញ នាំចូលក្នុង ប្រទេសថៃ មិនទាន់ត្រឹមត្រូវការធ្វើប័ណ្ណឆ្លងដែន ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការវិនិយោគ ពលករធ្វើការងារនៅប្រទេសថៃ មិនមានច្បាប់អនុញ្ញាត បញ្ហាទាំងនេះលោកក៏បានឆ្លើយតបជាពិសេសនឹងជំរុញសភាពាណិជ្ជកម្ម និងស្ថាប័នជាប់ពាក់ព័ន្ធទាំងភាគីថៃ និងកម្ពុជា ត្រូវសម្របសម្រួលដោះស្រាយឲ្យគ្នាទៅវិញទៅមក និងត្រូវសហការសាមគ្គីឯកភាពគ្នាសំដៅការអនុវត្តទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ពីការដឹកជញ្ជូននាំចេញនាំចូលកសិផលឲ្យបានត្រឹមត្រូវច្បាស់លាស់ និងត្រូវរៀបចំខាងវិស័យទេសចរណ៍ ឲ្យបានជាក់លាក់ណាមួយសម្រាប់ភាគីថៃ និងកម្ពុជាយល់ស្របតាម និងអនុវត្តតាមជាពិសេសពលករធ្វើការងារនៅប្រទេសថៃ មិនមានច្បាប់ ត្រូវសហការផ្តល់ដំណឹងឲ្យមកធ្វើលិខិតឆ្លងដែន និងធ្វើប័ណ្ណការងារសម្រាប់បន្តការងារ។
លោកក៏បានសំណូមពរដល់សភាពាណិជ្ជកម្មកម្ពុជា ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតាមបណ្តា ខេត្តជាប់ព្រំដែន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលនយោបាយ នៃរាជរដ្ឋាភិបាលប្រទេសយើងទាំងពីរ ឲ្យមានប្រសិទ្ធិភាព៕