(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយ សាកលវិទ្យាកម្ពុជា (UC) ផ្សព្វផ្សាយរៀបចំ វេទិកាពិភាក្សាយុវវ័យស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធ និងសិស្សានុសិស្ស ប្រមាណជាជាង១០០នាក់។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក សំហេង បុរស អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា ការសុំទានតាមដងផ្លូវ បានបង្កភាពស្មុគស្មាញ ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចមានការកេងប្រវ័ព្ចា កម្លាំងពលកម្មលើកុមារនោះ ក្រសួងសង្គមកិច្ច បានរៀបចំ ពិធីផ្សព្វផ្សាយវេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» នេះឡើង ដើម្បីអប់រំ ជាទូទៅ ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីផលវិបាក បញ្ហាប្រឈម ដែលកើតមានឡើតជាយថាហេតុ នៃការឲ្យទានទៅតាមដងផ្លូវ និងការឲ្យទាន ប្រកបដោយបញ្ញា នៅតាមសាកលវិទ្យាល័យ។
លោក ឈួរ សុបញ្ញា បន្ថែមថា ការផ្តល់ទាន នៅតាមទីសាធារណៈ គឺប្រៀបដូចជាការជំរុញ ឲ្យអ្នកសុំ នៅតែបន្តដើរសុំ ដោយមិនគិត ងាកមកប្រកបមុខរបរ និងសិក្សាពីជំនាញដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង ម្យ៉ាងទៀត ការសុំទាន នៅតាមទីសាធារណៈនេះ គឺជា រូបភាពមួយធ្វើឲ្យអាប់អោនដល់ កិត្តិយសរបស់ប្រទេសជាតិថែមទៀតផង។
នៅក្នុងកម្មវិធីដដែលនោះ លោកបណ្ឌិត ហ៊ុយ ទី ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ពិធីផ្សព្វផ្សាយវេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» គឺជាប្រធានបទដ៏មានសារៈសំខាន់ណាស់។
លោកបណ្ឌិត ហ៊ុយ ទី បានបន្ថែមថា សាកលវិទ្យាល័យរីករាយ និងសហការជាមួយក្រសួងសង្គមកិច្ច ដើម្បីផ្សព្វផ្សាយ និងចែករំលែក ការយល់ដឹងជូនទៅដល់ក្រុមយុវជន និងនិស្សិត ឲ្យបានយល់ដឹងគ្រប់ៗគ្នា ដើម្បីធ្វើការគិតពិចារណា ឲ្យបានល្អ មុននឹងផ្តល់ទានឲ្យ អ្នកសុំ។
ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យកម្ពុជា រំពឹងថា វេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» នឹងអាច ចូលរួមចំណែក កាត់បន្ថយការផ្តល់ទាន នៅតាមទីសាធារណៈ ឲ្យនៅតិចបំផុត។
កន្លងមក រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅក្នុងសង្គម ជាពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្រ្តី ចាស់ជរា ជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទា និងអតីតមន្រ្តីរាជការ ស៊ីវិល។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយសាកលវិទ្យាល័យចំនួន៨ រួមមាន៖ សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យបញ្ញាសាស្រ្ត, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យសង្គមកិច្ច រួចមកហើយ ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងគោលដៅ កាត់បន្ថយការសុំទាន នៅតាមទីសាធារណៈ៕