(រតនគិរី)៖ បន្ទាប់ពីដំណើរការពេញមួយថ្ងៃ សន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ត្រូវបិទបញ្ចប់នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។
បិទសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាលខេត្ត និងមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលស្រុក-ក្រុង ព្រមទាំងមន្ត្រីនគរបាល៣០៩នាក់ ចំណុះស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត បានបង្ហាញថា លទ្ធផលកិច្ចប្រតិបត្តិការនៅក្នុងឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌបានកើតឡើង ចំនួន៤០ករណី បើធៀបឆ្នាំ២០១៦ គឺមានការថយចុះចំនួន៤ករណីស្មើ៩% ក្នុងនោះបទឧក្រិដ្ឋ៩ករណី និងបទមជ្ឈឹមចំនួន៣១ករណី, កម្លាំងជំនាញបង្ក្រាបបានចំនួន៣៣ករណី ឃាត់ខ្លួនជនសង្ស័យ៥៤មុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានបង្ក្រាប ករណីជួញដូរមនុស្ស បានចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ២មុខសញ្ញា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផងដែរ។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី និងលោក គិត ទ្រី បានគាំទ្រទាំងស្រុងចំពោះរបាយការណ៍ របស់លោកស្នងការ និងធ្វើការកោតសរសើរការខិតខំប្រឹងប្រឹង របស់កងកម្លាំងទាំងយប់ ទាំងថ្ងៃដើម្បីបម្រើប្រជាពលរដ្ឋ លុបបំបាត់ប៉ុស្តិ៍អាណាធិបតេយ្យ (កុងត្រូលជជុះ)។ ជាងនេះទៅទៀត លោកសង្កត់ធ្ងន់ថា ដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញឲ្យបាន។
ក្នុងឱកាសបិទអង្គសន្និបាតនេះគណៈអធិបតីបានប្រគល់ប័ណ្ណសរសើរ ដល់អធិការដ្ឋានស្រុក-ក្រុងទូទាំងខេត្តរតនគិរី ដែលបំពេញការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ៕