(ភ្នំពេញ)៖ ដោយសារតែការស្រលាញ់ចូលចិត្តកាហ្វេ លោក ជ័យ ពិសិដ្ឋ បានឆ្លៀតពេលពីការងារពេញម៉ោង មកបន្ថែមបើកហាងកាហ្វេ ដែលមានឈ្មោះថា អាមួ (Amour) ស្ថិតនៅសង្កាត់ទឹកថ្លា ក្បែរបុរី១០០ខ្នង ដោយប្រើទុនវិនិយោគប្រមាណជាង៣០,០០០ដុល្លារ។
លោក ជ័យ ពិសិដ្ឋ បានបន្ថែមថា ក្នុងការបើកសាកល្បងហាងដំបូងមុននឹងសម្ពោធជាផ្លូវការកាលពីសប្តាហ៍មុននេះ គឺហាងរបស់លោក លក់បានប្រមាណជាង៥០០កែវ នៃភេសជ្ជៈ ដែលមានដូចជាប្រភេទកាហ្វេ ទឹកផ្លែឈើត្រជាក់ ក្តៅ ក្រទ្បុក និង ប្រភេទតែ។
លោកបន្ដថា «ទីតាំងដែលខ្ញុំបើកនៅម្តុំទឹកថ្លា បុរី១០០ខ្នង ដោយសារតែលោកឃើញថា នៅម្តុំនោះមិនមានហាងហាហ្វេទំនើប ពិសេសទីនោះ គឺមានភាពស្ងប់ស្ងាត់ ដែលនឹងសម្រួលដល់សិស្សនិស្សិត និងអ្នកធ្វើការ ឬអ្នកជំនួញអាចពិភាក្សាគ្នាបាន ដោយមិនមានសម្លេងរំខាន»។
លោកបានបញ្ជាក់ទៀតថា ចំពោះភេសជ្ជៈនៅហាងរបស់លោក គឺមានតម្លៃ ចាប់ពីជាង១ដុល្លារទៅជាង២ដុល្លារតែប៉ុណ្ណោះ ធានាឆ្ងាញ់ ធម្មជាតិ ទីធ្លាធំទូលាយ ងាយស្រួលដល់អតិថិជន ពិសាបណ្ដើរ ធ្វើការបណ្ដើរ និងជជែកពិភាក្សាការងារផ្សេងៗផងដែរ។
សូមរម្លឹកថា កាហ្វេអាមួ គឺជាការច្នៃប្រឌិតភេសជ្ជៈអន្តរជាតិ ដែលបាននាំចូលគ្រាប់កាហ្វេពីប្រទេសអ៊ីតាលី មកធ្វើជាបែបផែនកាហ្វេខ្មែរ សម្រាប់អតិថិជនខ្មែរ និងបង្កើតការងារបន្ថែម ជូនដល់កូនខ្មែរផងដែរ៕