(ព្រះវិហារ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាចារ្យ សមាគមគ្រីស្ទសាសនិក ឥស្លាមសាសនិក ទូទាំងខេត្តព្រះវិហារ។
កិច្ចសំណេះសំណាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង១៧៥អង្គ/នាក់ នៅសាលាខេត្តព្រះវិហារ។
ក្នុងនោះដែរ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
*នេះជាសក្ខីភាពបង្ហាញឲ្យឃើញច្បាស់ផងដែរ ពីសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក ក្នុងចំណោម សហគមន៍សាសនាទាំងអស់ ដែលកំពុងគោរព និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជា ការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា
*ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូលបំពេញការងារដោយគោរពតាមឋានានុក្រម
*ត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ថ្នាក់ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់
*រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព
*រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
*ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលមានអភិបាល នៃគណៈអភិបាលខេត្ត ជាប្រមុខ
*ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ ទៅក្រសួងធម្មការ និងសាសនា ឲ្យបានទៀងទាត់និងទាន់ពេលវេលា។
ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។
លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកណ្តាល នៅឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរណ៍ គឺគោរពខ្លួនឯង ថ្ងៃនេះ ថ្ងៃស្អែកគ្មាន គ្រោះថ្នាក់ដោយសារចរាចរណ៍៕