(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវាទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីប្រកាសជ័យលាភីបេក្ខភាព ក្រុងស្ទឹងត្រែង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី០២ ចាប់ពីឆ្នាំ២០១៨-២០២១។
ពីធីដែលបានធ្វើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិខេត្ត មន្ត្រីរាជការ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ ចំពោះការទទួលបានពានរំដួល០១ទង របស់បេក្ខភាពក្រុងស្ទឹងត្រែង ជាមួយនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨-២០២១។
ជាមួយគ្នានេះ លោក ម៉ុម សារឿន ស្នើឲ្យប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង សូមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ចូលរួមទទួលខុសត្រូវសម្អាតអនាម័យតាមគេហដ្ឋានរៀងៗខ្លួន និងតាមដងផ្លូវ ដើម្បីយើងទាំងអស់គ្នារស់នៅប្រកបដោយផាសុខភាព៕