(បន្ទាយមានជ័យ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈថ្ងៃទី២ នៅតំបន់ទេសចរណ៍ប្រសួនណុងនុតផាត់ថៈយ៉ា ខេត្តឈុនបុរី ប្រទេសថៃ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នាយឧត្តមសេនីយ៍ សុខ ភាព រួមទាំងគណៈប្រតិភូក្រុងប៉ោយប៉ែត ចំនួន៦០នាក់រួចមក រដ្ឋបាលក្រុងប៉ោយប៉ែត ​បានប្តេជ្ញាចិត្តបង្កើតរមណីយដ្ឋានកែច្នៃខ្នាតអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឆ្លងដែន តាមច្រកទ្វារប៉ោយប៉ែតចូលទស្សនា មុនឆ្ពោះទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា។

នាពេលដំណើរទស្សនកិច្ចលោក សាន ស៊ានហូ​ បានថ្លែងថា គណៈប្រតិភូរដ្ឋបាលក្រុងទាំងអស់ ត្រូវរិះរកពិធីណា ឬអ្វីមួយដែលបានឃើញ និងចាប់អារម្មណ៍ ដើម្បីត្រៀមលក្ខណៈយកទៅសិក្សាបន្ថែម និងអភិវឌ្ឍន៍នៅក្នុងក្រុងប៉ោយប៉ែតយើង និងបញ្ចេញចំណេះដឹងទាំងអស់នេះ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើង។

លោក សាន ស៊ានហូ​ បានបន្តថា សួនណុងនុតផាត់ថៈយ៉ារបស់ថៃ ជាសួនមួយដែលល្បីល្បាញនៅលើពិភពលោក ហើយសួននេះបានជាប់លំដាប់ថ្នាក់លេខ១ជាប់ៗគ្នា អស់រយៈពេល៦ឆ្នាំហើយ រហូតតាមប​ណ្តាប្រទេសមួយចំនួន មិនហ៊ានធ្វើការប្រកួតប្រជែងផងដែរ។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវស្វែងរកពិធី ផ្លាស់ប្ដូរបទពិសោធន៍ ផ្នត់គំនិតថ្មី ដើម្បីអភិវឌ្ឍនមូលដ្ឋាន​។ តំណាងក្រុមហ៊ុន សួនណុងនុតផាត់ថៈយ៉ា បានឲ្យដឹងថា សួននេះបានបង្កើតអស់រយៈពេលចំនួន២០ឆ្នាំហើយ ហើយ​សួន​យើងមានការទទួលស្គាល់ពីសំណាក់មហាជន លើសកលលោកសរសើមិនដាច់ ពីមាត់ជាពិសេសថ្នាក់ដឹកនាំ នៅតាមបណ្ដាប្រទេសធំៗមួយចំនួន បានអញ្ជើញមកទស្សនាព្រមទាំង បានទទួលស្គាល់នូវសិល្បៈ វប្បធម៌ សម្បត្តិធម្មជាតិ។ល។

សូមបញ្ជាក់ថា សួនណុងនុតផាត់ថៈយ៉ា មានផ្ទៃដីទំហំសរុប៣០០ហិកតា មានបុគ្គលិកបម្រើការងារចំនួនជាង២០០០នាក់ និងមាន​ពលករខ្មែរចំនួនជិត៨០០នាក់ ដែលទទួលប្រាក់​បៀវត្សរ៍ ក្នុងមួយថ្ងៃតម្លែចាប់ពី៣៣០បាត ដល់១០០០បាតក្នុងបុគ្គលិកម្នាក់។ ហើយក្នុង១ថ្ងៃៗ មានភ្ញៀវជាតិ អន្តរជាតិមកទស្សនាមិនក្រោម១ម៉ឺននាក់ឡើយ។

ក្រោយពីគណៈប្រតិភូរដ្ឋបាលក្រុងប៉ោយប៉ែតយើង បានទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ ទទួលបានលទ្ធផលដូចខាងក្រោម៖ «សិក្សាស្វែងយល់ពីបរិស្ថាន ស្វែងយល់ពី​ការវេចខ្ចប់សំរាម អនាម័យ ស្វែងយល់ពី​ សណ្តាប់ធ្នាប់ មធ្យោបាយដឹកជញ្ជូន ស្វែងយល់ពី​​ ការទំនាក់ទំនងស្វែងយល់ពី​ ការសហការណ៍ប្រតិបត្តិអន្តរជាតិ ស្វែងយល់ពី​គំនិតច្នៃប្រណិត បិនប្រសប ស្វែងយល់ពី​ការធ្វើចរាចរណ៍បើក របស់ម្ចាស់យានយន្តគ្រប់ប្រភេទ ស្វែងយល់ពី​ការដាក់តាំងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មរបស់អាជីវករ ឈ្មួញ ស្វែងយល់ពី​ ការរក្សានៅប្រពៃណីជាតិ ជាពិសេសបង្កើតនូវមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការណ៍អន្តរជាតិ កម្ពុជា-ថៃ»៕