(សៀមរាប)៖ លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ជាជនជាតិជប៉ុនទី១ ដែលប្រារព្ធពិធីចម្រើនព្រះជន្មតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ខណៈលោកបានស្គាល់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាំងពីឆ្នាំ១៩៩១ តាមរយៈកម្មសិក្សាឆ្ពោះ មកអាស៊ីអាគ្នេយ៍ គឺប្រទេសវៀតណាម និងកម្ពុជា។
អំឡុងពេលកម្មសិក្សានៅកម្ពុជា អតីតទឹកដីមហានគរ យុវជន យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រាង្គប្រាសាទ ទំនៀមទម្លាប់ និងប្រពៃណីរស់នៅរបស់ប្រជាជនកម្ពុជា រហូតមានអារម្មណ៍មួយនឹកគិតថា អនាគតខ្លួនត្រូវតែភ្ជាប់ជាមួយអង្គរ។ គិតត្រឹមឆ្នាំ២០១៨នេះ លោកសាស្រ្តាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា មានអាយុ៨០ឆ្នាំហើយ។
បន្ទាប់ពីបានវិលត្រលប់ទៅប្រទេសជប៉ុនវិញ លោកតែងតែគិតនឹកស្រមៃចង់មកកម្ពុជាម្តងទៀត ដើម្បីសិក្សាប្រវត្តិសាស្ត្រនៃដែនដីដ៏ពិសិដ្ឋមួយនេះ រហូតដល់ឆ្នាំ១៩៦៩ លោកបានចូលរួមក្នុងគម្រោងស្រាវជ្រាវមួយ ក្នុងការអភិរក្សដ្ឋានអង្គរ ក្រោមការណែនាំផ្ទាល់ពីអ្នកជំនាញបារាំង គឺលោក Bernard Philippe Groslier។
នៅឆ្នាំ១៩៧០ រហូតដល់១៩៧៩ កម្ពុជាបានជួបប្រទះនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានរារាំងមិនអាចឱ្យរូបលោកបន្តកិច្ចការជាមួយអង្គរតទៅទៀតបាន។ លោកក៏បានបន្តការសិក្សាវិជ្ជាខ្មែរនៅសាលាបារាំងចុងបូព៌ា (EFEO) ផ្នែកសិលាចារឹកខ្មែរបុរាណ ប្រទេសបារាំង។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅបារាំង លោកបានវិលទៅបម្រើការងារនៅប្រទេសជប៉ុនវិញ នៅមហាវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាសកលវិទ្យាល័យដ៏ធំមួយនៅប្រទេសជប៉ុន រហូតបានក្លាយជាសកលវិទ្យាធិការ។
ក្នុងឆ្នាំ១៩៨០ លោកសាស្ត្រាចារ្យបានទទួលលិខិតមួយច្បាប់ ពីលោក ពេជ កែវ អតីតមិត្តរួមការងារនៅអភិរក្សដ្ឋានអង្គរ ដែលពេលនោះលោកមានតួនាទីជាប្រធានអភិរក្សដ្ឋានអង្គរក្រោយសម័យរំដោះ។ លោកសាស្ត្រាចារ្យក៏បានមកកាន់កម្ពុជាសាជាថ្មី ក្នុងនាមជាបុគ្គលទី១ នៃអ្នកជំនាញបស្ចិមប្រទេសដែលបានចូលមកកម្ពុជាមុនគេ ក្រោយរបបខ្មែរក្រហម។ ដោយរន្ធត់ចិត្តចំពោះការបាត់បង់អ្នកជំនាញ និងមើលឃើញពីភាពរងគ្រោះយ៉ាងខ្លាំងមកលើវិស័យបេតិកភណ្ឌ ទើបលោកសម្រេចចិត្តសាជាថ្មីថា ត្រូវតែរកមធ្យោបាយជួយកម្ពុជា ពិសេសត្រូតែបណ្តុះបណ្តាលឡើងវិញនូវធនធានមនុស្ស ដើម្បីបម្រើការលើវិស័យជំនាញនេះ។
ការតាំងចិត្តរបស់លោកសាស្ត្រាចារ្យ ក៏បានទទួលជោគជ័យជាបន្តបន្ទាប់ គម្រោងស្រាវជ្រាវ និងការអភិរក្សជួសជុលជាច្រើនក៏បានសម្រេច ចំណែកក្តីស្រមៃធំរបស់លោកសាស្ត្រាចារ្យ ក៏បានក្លាយជាការពិត និស្សិតខ្មែរជាច្រើនបានបន្តការសិក្សានៅសាកលវិទ្យាល័សូហ្វីយ៉ា តាមរយៈការជំរុញរបស់លោក ហើយបើគិតត្រឹមឆ្នាំ២០១៨នេះ និស្សិតរបស់លោកដែលបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមានចំនួន ៦រូប ថ្នាក់អនុបណ្ឌិតមានចំនួន ១១រូប ព្រមទាំងការបណ្តុះបណ្តាលអ្នកជំនាញផ្សេងៗ រួមទាំងជាងដាប់ថ្ម និងកម្មករដែលបម្រើការផ្ទាល់ជាមួយវិស័យបេតិកភណ្ឌនេះទៀតផង។
ក្នុងបេសកកម្មជួយកម្ពុជាដែលលោកបានបំពេញ កន្លងមកនេះ ក៏ធ្លាប់ទទួលបានការលើកទឹកចិត្តពីសំណាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ដែរ។ ជាក់ស្តែងក្នុងពេលនេះ ដោយក្តីដឹងគុណដែលលោកជាជនបរទេសតែងតែគិតគូរពីកម្ពុជា អតីតកូនសិស្ស និងសហការីរួមការងាររបស់លោក ក៏បានបំពេញបំណងរបស់លោកដែលតែងតែស្រលាញ់កម្ពុជា ជាពិសេសប្រាង្គប្រាសាទ និងប្រជាពលរដ្ឋនៅតំបន់អង្គរនោះ ទើបមានការឯកភាពគ្នាថា នឹងត្រូវរៀបចំពិធីចម្រើនព្រះជន្មជូនលោកដើម្បីជាកិច្ចដឹងគុណ។
ពិធីចម្រើនព្រះជន្មច័ន្ទសុក្រគិរីសូត្រ ដែលត្រូវរៀបចំជូនលោកសាស្ត្រចារ្យនេះ គឺរៀបចំឡើងតាមទំនៀមទម្លាប់អ្នកស្រុកអង្គរផ្ទាល់ ដែលពួកគាត់បានបន្តគោរពតាំងពីបុរាណរហូតដល់បច្ចុប្បន្ន។ ពិធីនេះនឹងត្រូវរៀបចំនៅថ្ងៃសៅរ៍ ១៥កើត ដល់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា មានទីតាំងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ខាងត្បូងស្ពាននាគ)។
លោកសាស្រ្តាចារ្យនឹងធ្វើដំណើរមកពីប្រទេសជប៉ុន ដើម្បីទទួលពិធីនេះដោយក្តីសប្បាយចិត្ត និងមោទនភាពដែលលោកមានវាសនាទទួលបាននូវការដឹងគុណ ពិសេសសម្រាប់ជីវិតចុងក្រោយ ដែលបានរួមដំណើរជាមួយជនជាតិកម្ពុជាលើវិស័យបេតិកភណ្ឌ៕