(ភ្នំពេញ)៖ លោក អាប់ឌីលីឡាស់ អែល ហ៊ូសនី ឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានស្នើមកកម្ពុជា ដើម្បីឱ្យជួយគាំទ្រប្រទេសម៉ារ៉ុក ធ្វើជាប្រតិភូកិត្តិយសនៅក្នុងកិច្ចប្រជុំ AIPA លើកទី៣៩ នៅប្រទេសសិង្ហបុរី។
លោក អាប់ឌីលីឡាស់ អែល ហ៊ូសនី បានថ្លែងបែបនេះ នៅក្នុងឱកាសលោកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ងួន ញិល អនុប្រធានរដ្ឋសភាទី២ នៃរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។
លោក អាប់ឌីលីឡាស់ អែល ហ៊ូសនី បានបន្តថា «នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣៩ របស់ AIPA ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រព្រឹត្តិឡើងនៅប្រទេស សិង្ហបុរី ប្រទេសម៉ារ៉ុក សង្ឃឹមថា ប្រទេសកម្ពុជា នឹងជួយគាំទ្រប្រទេសម៉ារ៉ុក ឲ្យធ្វើជាប្រតិភូកិត្តិសយ មាន័យថាមិនមែនក្នុងនាមជាអ្នកសង្កេតការណ៍ ឬជាភ្ញៀវដូចកាលពីមុខ ដែលប្រទេសជាម្ចាស់ផ្ទះធ្លាប់អញ្ជើញដូចពីមុននោះទេ»។
ឆ្លើយតបភ្លាមៗ លោក ងួន ញិល បានថ្លែងថា កិច្ចពិភាក្សាការងារលើកទី២នេះ បានបង្ហាញពីកិច្ចទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា ម៉ារ៉ុក។ តបតាមការស្នើសុំពីភាគីម៉ារ៉ុក, ប្រធានរដ្ឋសភាទី២ បានបញ្ជាក់ប្រាប់ទូត ម៉ារ៉ុក ថាកម្ពុជា សប្បាយរីករាយក្នុងការអញ្ជើញប្រតិភូរបស់ម៉ារ៉ុក មកចូលរួមដោយឆន្ទៈ ក្នុងការទំនាក់ទំនងល្អជាមួយគ្នា ហើយកម្ពុជានឹងទទួលនូវសំណូពរនេះ។
លោក ងួន ញិល បានបន្តថា ចំពោះកិច្ចប្រជុំ AIPA ដែលប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ក្នុងនាមកម្ពុជា សមាជិកក៏មានបំណងអញ្ជើញ និងគាំទ្រគណៈប្រតិភូព្រះរាជាណាចក្រ ម៉ារ៉ុក ឲ្យក្លាយជាប្រតិភូកិត្តិយសមួយនៅក្នុងកិច្ចប្រជុំ AIPA នៅប្រទេសសិង្ហហ្គាពួរ ហើយកម្ពុជា នឹងបន្តជួយគាំទ្រធ្វើយ៉ាងណាឲ្យប្រទេសម៉ារ៉ុក ធ្វើជាប្រតិភូកិត្តិយស ក្នុងកិច្ចប្រជុំនេះផងដែរ៕