(ភ្នំពេញ)៖ ខណៈបុណ្យប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅពេលខាងមុខនេះ ពោលគឺសល់ប្រមាណជាជាងកន្លះខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីលោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឲ្យដឹងថា សង្ក្រាន្ដឆ្នាំនេះនឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗរហូតដល់៣៣មុខ រួមមានការលេងល្បែងកំសាន្ដនានាជាច្រើន ដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។
ថ្លែងក្នុងវេទិកាស្វែងយល់អំពី «ទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៨» នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ សប្បាយណា ឲ្យដឹងថា «កម្មវិធីអង្គរសង្ក្រាន្ដឆ្នាំនេះ នឹងមានភាពភ្ញាក់ផ្អើល និងធំជាងឆ្នាំកន្លង ទៅព្រមទាំងមានកម្មវិធីកំសាន្ដលើសពីឆ្នាំមុន ដែលឆ្នាំមុនមានត្រឹមតែ២៩ប៉ុណ្ណោះ ប៉ុន្ដែឆ្នាំនេះ មានរហូតដល់៣៣កម្មវិធី និងមានវត្ថុសំគាល់ធំជាងគេមួយ ក្នុងការបំបែកឯទគ្គកម្មគឺ មុខហនុមាន ដែលមានទំហំធំជាងគេទូទាំងប្រទេស ហេតុអ្វីបានជាអង្គរសង្ក្រាន្ដឆ្នាំនេះលើក យកមុខហនុមានមកបំបែកឯទគ្គកម្ម? ដើម្បីផ្ដោតសំខាន់ទៅលើការលើកស្ទួយ ល្ខោនខោលរបស់កម្ពុជា»។
សូមជម្រាបថា អង្គរសង្ក្រាន្ដឆ្នាំនេះ រៀបចំឡើងមិនខុសពីរាល់ឆ្នាំទេ គឺរៀបចំឡើងដើម្បីឲ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងជាតិសាសន៍ដទៃទៀត បានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា អភិរក្សា និងលើកតម្កើនព្រឹត្តិការណ៍នេះ ជារៀងរហូត។ មួយវិញទៀតក៏ដើម្បីបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាព ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្ដុះស្មារតី អភិរក្សា និងអភិវឌ្ឍអរិយធម៌ វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរកម្មសហគមន៍ ប្រជាជាតិអាស៊ីអគ្នេយ៍ រួមធ្វើរួមទទួលខុសត្រូវ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។
លោក សុខ សប្បាយណា បានឲ្យដឹងបន្ថែមទៀតថា សម្រាប់ប្រធានបទអង្គរសង្រ្កាន្ដឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ចំណែកការចូលរួមវិញ ក្នុងឆ្នាំទី១មានអ្នកចូលរួមចំនួន១៧ម៉ឺននាក់ ឆ្នាំទី២មានចំនួន៣៨ម៉ឺននាក់ ឆ្នាំទី៣មានចំនួន៩៨ម៉ឺននាក់ ឆ្នាំទី៤ មានចំនួន១លាន៣សែននាក់ ឆ្នាំទី៥មានចំនួន១លាន៦សែននាក់ ហើយសម្រាប់ឆ្នាំនេះវិញក៏រំពឹងថា នឹងមានអ្នកចូលរួមលើសលុបដូចឆ្នាំមុនដែរ ទោះបីក្នុងឆ្នាំនេះមានខេត្តចំនួន១០បានរៀបចំធ្វើសង្ក្រានតាមខេត្តក៏ដោយ។
លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ក្រៅពីគោលបំណងក្នុងការថែរក្សាលើកស្ទួយលើមរតក អរិយធម៌ វប្បធម៌ ទំនៀមទំម្លាប់ និងប្រពៃណីខ្មែឬ ព្រឹត្តិាករណ៍អង្គរសង្ក្រាន្ដនេះ ក៏បានប្រារព្ធដើម្បីចូលរួមបំផុសគំនិតរួបរួមកម្លាំង សាមគ្គីភាពរវាងខ្មែរ និងខ្មែរជាមហាគ្រួសារតែមួយ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាព្រឹត្តិការណ៍គំរូមួយ ដែលបណ្ដុះស្មារតី ដើម្បីឲ្យយុវជនបានចូលរួម និងបង្កើតទឹកចិត្តស្រលាញ់ លើមរតកវប្បធម៌ខ្មែរ រួមទាំងបង្កើតគំនិតចូលរួមគាំទ្រអភិរក្ស និងអភិវឌ្ឍន៍ លើមរតកវប្បធម៌ខ្មែរ។
សូមបញ្ជាក់ថា នេះជាលើកទី៦ហើយដែល សហភាពសហព័ន្ធ យុវជនកម្ពុជា សហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នារៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដលើទឹកដី ដ៏ពិសិដ្ឋនៃខេត្តសៀមរាបនះ។ ពីមួយឆ្នាំទៅមួយឆ្នាំព្រឹតិ្តការណ៍នេះ កាន់តែទទួល បានការគាំទ្រពីសំណាក់ ភ្ញៀវជាតិ និងអន្ដរជាតិ៕