(ប៉េកាំង)៖ យុវជនចំនួន ៦៣១នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកស្រី កែវម៉ាលី ខែកស៊ីសូដា ប្រធានគណៈកម្មាធិការបក្សប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។
បន្ទាប់ពីការអានសេចក្ដីសម្រេចបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៣១នាក់ និងបន្ទាប់ពីស្ដាប់ការប្ដេជ្ញាចិត្តរបស់តំណាងសមាជិកបក្សថ្មីរួចមក លោក កែ ប៊ុនខៀង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្សប្រចាំសាធារណរដ្ឋប្រជាមានិត ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ស្របតាមការចង្អុលទិសដ៏ត្រឹមត្រូវរបស់ថ្នាក់លើគណបក្ស។
លើសពីនេះ លោក កែ ប៊ុនខៀង បានសម្ដែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះសមាជិកបក្សថ្មី ដែលបានសម្រេចរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារយុវជនបានផ្ដល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការពិនិត្យឃើញអំពីស្នាដៃ និងសមិទ្ធផលធំៗរបស់បក្ស ដែលថ្នាក់ដឹកនាំគណបក្សបាននិងកំពុងកសាងឡើង ពិសេសកត្តាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។
លោក កែ ប៊ុនខៀង បានផ្ដាំផ្ញើឱ្យសមាជិកបក្សថ្មីទាំងអស់គោរពឲ្យបានម៉ឺងម៉ាត់ និងត្រូវខិតខំផ្ដល់សេវាល្អជូនប្រជាជនគណបក្ស និងប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕