(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំថវិការ សម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត យកទៅប្រគល់ជូនដល់អង្គភាពនានា ដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិទិសទី១ នៅប្រាសាទព្រះវិហារ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមការចូលរួមពីលោកអភិបាលខេត្តព្រះវិហារ និងកងទ័ពដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិទិសទី១ ស្ថិតក្នុងភូមិតេជោមរតក ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងថា អ្វីដែលជាការជួបជុំគ្នានៅថ្ងៃនេះ គឺសំដែងនូវការសួរសុខទុក្ខ សំណេះសំណាល និងការជូនពរដល់កងកំលាំងប្រដាប់អាវុធទាំងអស់ ដែលជានាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ ដែលកំពុងតែបំពេញបេសកកម្មនៅក្នុងទិសប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី ដែលបានឆ្លងកាត់នូវការលំបាក ការតស៊ូយ៉ាងស្វិតស្វាញជាច្រើនឆ្នាំមកហើយតាមខ្សែរបន្ទាត់ព្រំដែននេះ។
លោកបញ្ជាក់ថា «មកដល់ពេលនេះទើបយើងដឹងថា ការអភិវឌ្ឍតាមបណ្តាអង្គភាពនិមួយៗ មានការរីកចំរើនច្រើនបន្ទាប់ពីការការពារនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កងកម្លាំងរបស់យើងមួយចំនួនបានទៅចូលរួមការពារតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង»។
លោកក៏បានផ្តាំផ្ញើរថា «នាយ និងពលទាហ៊ានទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើអ្វីដែលជាកាតព្វកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ គឺត្រូវខិតខំបង្កើនថែមទៀតនូវការ ការពារនូវបូរណៈភាពទឹកដីរបស់យើង ទោះជាប្រទេសយើងស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមានការទ្វេសប្រហែសក្នុងការការពារបូរណៈភាពទឹកដីរបស់យើងឡើយ។ បានន័យថាយើងពង្រឹងលើខឿនការពារជាតិតាមខ្សែរបន្ទាត់ព្រំដែនទាំងផ្នែកខាងក្រៅ ក៏ដូចជានូវផ្នែកខាងក្នុង និងលើសពីនេះទៀតសូមខិងខំបន្ថែមទៀត លើការបង្កបង្កើនផងដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសាររបស់យើងផងដែរ»។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មេបញ្ជាការតាមកងឯកភាពនានា ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកអភិបាលខេត្តព្រះវិហារសូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានប្រគល់ថវិការដល់អង្គភាពទាំង៨ សរុបចំនួន៧២លានរៀន ក៏ដូចជាគ្រួសារកងទព័ដែលបានចូលរួម ព្រមទាំងបានរាំលេង និងលេងល្បែងប្រជាប្រិយផ្សេងៗ បង្កការសប្បាយដល់កងទព័ និងគ្រួសារកងទព័ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ៕