(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លួវជាតិលេខ៥ ពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការតភ្ជាប់ការដឹកជញ្ជូនពីប្រទេសថៃ មកកាន់រាជធានីភ្នំពេញ បេះដូងនៃកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះ មានប្រវែងជាង៨៤គីឡូម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) កម្រាស់១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដែលមានទទឹងរហូតដល់២៣ម៉ែត្រ មាន០៤គន្លង ដោយមានសួនទ្រូងផ្លូវខណ្ឌចែកទិសដៅ ចរាចរណ៍នៅចំកណ្តាល។ នេះបើតាមការបញ្ជាក់ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រៅពីការស្តារឲ្យកាន់តែប្រសើរ និងពង្រីកកំណាត់ផ្លូវនេះ ឲ្យកាន់តែធំហើយនោះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែប្រវែងសរុប៣៣.២៦គីឡូម៉ែត្រ ក្នុងនោះផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣.៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណ ប្រវែង៩.៣៤គីឡូម៉ែត្រ។
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ដល់ក្រុងសិរីសោភណ្ឌនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១៩,៩៨៩លានយេនជប៉ុន ស្មើនឹង១៨៥លានដុល្លារអាមេរិក។ ចំណាយពេលសាងសង់ចំនួន៣៦ខែ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយជំរុញ ដល់សេដ្ឋកិច្ចកម្ពុជា។ ការស្ថាបនាផ្លូវនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកម្ពុជា និងជប៉ុនបានខិតខំរួមគ្នា កសាងឡើង ក្រោយការជួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មន្ត្រីកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមរៀបចំ ឲ្យមានការបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥នៅពេលនេះ។ នៅពេលដែលផ្លូវនេះសាងសង់ចប់ នឹងធ្វើឲ្យក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ មិនស្ទះចរាចរណ៍ដូចពេលមុននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវស្ថាបនាផ្លូវជាតិលេខ៥នេះ ចំនួន៣៧០គីឡូម៉ែត្រ សុរបពីទីក្រុងភ្នំពេញទៅដល់ព្រំដែនថៃ មានប្រវែង៤០០គីឡូម៉ែត្រ ប៉ុន្តែយើងបានធ្វើរួចបានមួយចំនួនរួចហើយមកដល់ព្រែកក្តាម ។ អីចឹងចាប់ពីព្រែកក្តាមមកទល់នឹងព្រំដែនថៃ គឺជាជប៉ុនជាអ្នកប៉ាវក្នុងការកសាងផ្លូវនេះ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា ការស្ថាបនាផ្លូវនេះ គឺទទួលបានឥណទានពីរដ្ឋាបាលជប៉ុន ដែលមានចំនួនទឹកប្រាក់ប្រមាណ១៩,៩៨៩លានយេន ស្មើនឹងប្រមាណជាង១៨៥លានដុល្លារអាមេរិក ក្នុងលក្ខខណ្ឌឥណទាន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព គឺមានសម្បទានកម្រិតខ្ពស់ ដែលមានអត្រាការប្រាក់ត្រឹមតែ០.០១ភាគរយក្នុង១ឆ្នាំ ហើយរយៈពេលត្រូវសង គឺរហូតដល់៤០ឆ្នាំ និងរយៈពេលអនុគ្រោះរយៈពេល១០ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ផ្លូវនេះពិតមែនតែយើងបើកការដ្ឋានដោយដាក់ដោយដុំ ថ្ងៃនេះបើការដ្ឋានសម្រាប់តភ្ជាប់រវាងទីក្រុងបាត់ដំបង ទៅទីក្រុងសិរីសោភ័ណ បន្ទាប់ទៅបើកការដ្ឋានពីព្រែកក្តាមមកទល់នឹងខេត្តពោធិ៍សាត់។ ចុះសួរថា ពីពោធិ៍សាត់ដល់ បាត់ដំបង និងហើយពីត្រឹមទីរួមខេត្តបាត់ដំបង ទៅព្រំដែនថៃ កសាងឬអត់? គឺកសាង តែមានដំណាក់កាលរបស់វា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សុខសន្តិភាពនៅតែមានតម្លៃសម្រាប់ជាតិកម្ពុជា សម្រាប់ការអភិវឌ្ឍជាតិឲ្យកាន់តែរីកលូតលាស់ទៅមុខទៀត មិនមែនបញ្ចប់ការអភិវឌ្ឍត្រឹមដំណាក់កាលនេះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍តទៅមុខទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបង្ហាញថា ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់ខេត្តចំនួន០៦ កាត់តាមខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលមានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ៥ មានភាពមមាញឹកខ្លាំង និងជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ និងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ GMS ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។
បើតាមលោក ស៊ុន ចាន់ថុល ប្រទេសជប៉ុនបានចាត់ទុកផ្លូវជាតិលេខ៥ ជាផ្លូវជាតិមានសក្តានុពលលេខ១របស់កម្ពុជា គឺជារបៀងសេដ្ឋកិច្ចកើត-លិចទី២ ដ៏សំខាន់ និងមានការប្រកួតប្រជែងខ្លាំងសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ GMS។
លោក ស៊ុន ចាន់ថុល បានបង្ហាញនូវជំនឿចិត្តថា បន្ទាប់ពីសាងសង់រួចផ្លូវជាតិលេខ៥នេះ នឹងក្លាយទៅជាផ្លូវមួយដ៏ទំនើប មានភាពរឹងមាំ និងទូលាយ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានាឲ្យកាន់តែឆាប់រហ័ស។ ជាងនេះទៀតការធ្វើឲ្យប្រសើរឡីងនៃផ្លូវនេះ នឹងជួយឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ កាន់តែមានជីវភាពប្រសើរជាងមុន និងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀតមកកម្ពុជាផងដែរ៕