(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង ជាតំបន់សមរភូមិដែលកាន់កាប់ដោយទ័ពខ្មែរក្រហម ​កាលពីអតីតកាល សម្ដេចតេជោ ហ៊ុន សែន ដែល​ខិតខំ​រំលត់សង្គ្រាមបានទាំងស្រុង​ចេញពីផ្ទៃប្រទេសកម្ពុជា បានថ្លែងថា អ្នកប្រវត្តិសាស្ដ្រត្រួវតែទទួលស្គាល់ ការប្រឹងប្រែងបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា មិនត្រូ​វនិយាយតែ កិច្ចចរចាទីក្រុងប៉ារីសតែមួយមុខនោះទេ។

បុរសដែលយកជីវិតទៅប្ដូរដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍សម្រាប់ជាតិមាតុភូមិ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា UNTAC បានប្រើលុយអស់យ៉ាងច្រើន ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្ដែការប្រើលុយនោះមិនបានជោគជ័យនោះទេ ផ្ទុយទៅវិញនយោបាយឈ្នះឈ្នះ ដោយដាក់ចេញលក្ខខណ្ឌ៣ចំណុច សម្រាប់ទាហានខ្មែរក្រហម ទើបរំលត់សង្គ្រាមបានដោយជោគជ័យ។

ការប្រសាសន៍បែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញ​បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ ដើម្បីឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំ​។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនមែនបញ្ហារឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បានទាំងសន្ដិភាព ការបង្រួបបង្រួមជាតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែមិនត្រូវភ្លេចថា ដំណាក់កាលចុងក្រោយដែលបញ្ចប់សង្គ្រាមទាំងស្រុង គឺដោយបាតដៃខ្មែរទាំងមូល មិនមែនបាតដៃបរទេសនោះទេ ហើយនេះជារឿងពិត ដែលអ្នកប្រវត្តិសាស្ដ្រសរសេរមិនត្រូវមើលរំលងបញ្ហានេះទេ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា អ្នកសរសេរប្រវត្តិសាស្ដ្រអំពីបញ្ហានេះ ភាគច្រើនជាបរទេស ដោយបរទេសសរសេរលើកតែ ពីគុណសម្បត្តិគេតែប៉ុណ្ណោះ ហើយបរទេសមិនបានលើកពីតួនាទីរបស់ខ្មែរម្ដងណានោះទេ។

សម្ដេចនាយករដ្ឋមន្ដ្រី បានរំលឹកថា សម្ដេចបានប្រកាសដាក់ចេញនូវគោល​នយោបាយឈ្នះឈ្នះ ដោយដាក់ចេញលក្ខខណ្ឌ៣ចំណុច សម្រាប់ទាហានខ្មែរ​ដែលព្រមចុះចូល (ធានាអាយុជីវិត និងការរស់រៀន, រក្សាមុខតំណែងតួនាទីដដែល និងរក្សាកម្មសិទ្ធិទ្រព្យសម្បត្តិ) បានធ្វើឲ្យពលរដ្ឋខ្មែរទទួលបាន ផលប្រយោជន៍ប្រមាណ២០ឆ្នាំហើយ ហើយតំបន់ខ្លះទៀតមានរយៈពេល​២២ឆ្នាំហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណខ្មែរគ្រប់ភាគីទាំងអស់ ដែលបានប្រឹងប្រែងអនុវត្តន៍នយោបាយឈ្នះឈ្នះឲ្យទទួលបានជោគជ័យ ឈានទៅបញ្ចប់ភ្លើងសង្គ្រាម និងស្វែងរកសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន៕