(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានអំពាវនាវដល់មន្ត្រីធម្មការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងខេត្ត ត្រូវរួមគ្នាបន្តថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ ឲ្យកាន់តែមានភាពរុងរឿងស័ក្កិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ព្យន៍ធនធានបុព្វជិតឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់។
លោក ម៉ៅ ធនិន បានថ្លែងនៅបរិវេណវត្តសូរិយា សង្កាត់រលាបក្រុងពោធិ៍សាត់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៦ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះពោធិវង្សានិមល យ៉ែម ហន ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណមហានិកាយ និងព្រះពោធិធម្មមុនី ហួត សុធា ព្រះមេគណខេត្ត គណធម្មយុត្តិកនិកាយ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះបាឡាត់គណខេត្ត ព្រះធម្មធរខេត្ត មន្ត្រីសង្ឃគ្រប់ ស្រុក ក្រុង ចៅអធិការគ្រប់វត្ត គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី ពុទ្ធបរិស័ទ ឥស្លាមសាសនិក និងគ្រឹស្ទសាសនិក សរុបប្រមាណ៧០០អង្គ ដែលរៀបចំពេញ១ថ្ងៃ ដោយមន្ត្រីសង្ឃខេត្តទាំង២គណ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត។
លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់បានឲ្យដឹងថា គិតមកដល់ពេលនេះ នៅខេត្តពោធិ៍សាត់ មានវត្តចំនួន១៨៩វត្ត ក្នុងនោះវត្តគណៈមហានិកាយ១៨២វត្ត និងវត្តធម្មយុត្តិកនិកាយ០៧វត្ត ព្រះសង្ឃ១,៩៨៩អង្គ ភិក្ខុ៥៤៩អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយ១,៩២៣អង្គ គណៈធម្មយុត្តិកនិកាយ៦៦អង្គ និងភិក្ខុ១៥អង្គ។
ចំពោះវិស័យពុទ្ធិកសិក្សា បានបណ្ដុះបណ្ដាល ព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ដោយគិតមកដល់ពេលនេះ មានសាលាធម្មវិន័យ១០ និងមានសិស្សថ្នាក់ត្រីទោឯក ចំនួន១៣៩អង្គ។ សាលាពុទ្ធិកបឋមសិក្សា ៣កន្លែង មានសិស្ស៥៥៦អង្គ សាលាពុទ្ធិកអនុវិទ្យាល័យ ២កន្លែង មានសិស្ស១១៩អង្គ និងសាលាពុទ្ធិកវិទ្យាល័យ ១កន្លែងមានសិស្ស៣៤អង្គ។
លោកបានបន្តថា មន្ទីរបានសហការជាមួយព្រះមេគណខេត្ត ព្រះអនុគណក្រុង ព្រះធម្មធរគណខេត្ត ព្រះគ្រូចៅអធិការវត្តមណីរតនារាម រៀបចំកម្មវិធីសម្រាប់ការផ្សព្វផ្សាយព្រះធម៌, កម្មវិធីផ្សារភ្ជាប់ និងសង្គម, កម្មវិធីបរិស័ទផ្កាឈូករដ្ឋ, កម្មវិធីអំបិលស្អុយ, កម្មវិធីបរិស័ទ និងសង្គម, កម្មវិធីសក្សបុត្ត និងកម្មវិធីសិក្សាព្រះត្រៃបិដក តាមវិទ្យុ និងទូរទស្សន៍ ដោយបានបញ្ជូនអាចារ្យទៅរៀនវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ សរុប២៤៦នាក់។
ផ្អែកតាម អង្គអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ បានសម្រេចគាំទ្រគោលនយោបាយយុទ្ធសាសចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវសង្ឃប្រកាស ដែលមានខ្លឹមសារថា «បន្តជម្រុញការធ្វើកម្រងសាលាពុទ្ធិកបឋមសិក្សា នៅមូលដ្ឋានទូទាំងប្រទេស, ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំវិស័យពុទ្ធិកសិក្សា លើកទឹកចិត្តឲ្យយល់ពីតម្លៃការសិក្សា, ត្រូវពង្រឹងការបដិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត, ត្រូវអប់រំណែនាំ និងដាក់កំហិតដល់បព្វជិតពុទ្ធសាសនា ឲ្យចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយវិន័យសីលធម៌, ត្រូវបង្កលក្ខណៈឲ្យភិក្ខុ សាមណេរគ្រប់រូបដូរ និងប្រើប្រាស់ឆាយា សង្ឃដីកាថ្មីចាប់ពីព.ស២៥៦១តទៅ និងណែនាំដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ ឲ្យប្រើប្រាស់កាលបរិច្ឆេទតាមបែបច័ន្ទគតិ និងសុរិយោគតិ»។
លោកបានបន្តទៀតថា សម្តែងការកោតសរសើរ ចំពោះមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ព្រះមេគណ ព្រះអនុគណខេត្ត ស្រុក-ក្រុង ព្រះចៅអធិកា អាចារ្យ និងគណៈកម្មការគ្រប់វត្តទូទាំងខេត្ត ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន ស្របទៅនឹងសង្គមជាតិ។ អង្គសន្និបាតរយៈពេល១ថ្ងៃ ត្រូវបានចូលរួមការពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ ដែលជាចក្ខុវិស័យ រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ធ្វើការដោះស្រាយប្រកបដោយតម្លាភាព និងសមធម៌។
លោកបានថ្លែងទៀតថា ទាំងព្រះសង្ឃ និងទាំងពុទ្ធបរិស័ទ តែងតែធ្វើនូវអំពើល្អជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ តែទោះជាយ៉ាងនេះក៏ដោយ គឺនៅមានបុគ្គលមួយចំនួនតូច ពុំបានតាំងចិត្តធ្វើល្អនោះទេ ពោលគឺព្យាយាមលោភៈ ទោសៈ មោហៈ ច្រណែន ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ធ្វើឲ្យសាសនាធ្លាក់ចុះ និងបាត់បង់ជំនឿពីប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានប្រគេនប័ណ្ណសរសើរ ដល់ព្រះអនុគណក្រុងពោធិ៍សាត់ ព្រះធម្មធរគណ និងជាប្រធានកម្មវិធីពុទ្ធសាសនា និងសីលធម៌សង្គម និងព្រះតេជគុណប្រធានកម្មវិធីសមណសក្យបុត្ត ដែលបានសហការជាមួយគណកម្មការចម្រុះ ចុះអប់រំផ្សព្វផ្សាយ កម្មវិធីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងចែកជូនដល់សីលវ័ន្ត សីលវត្តី១៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា៥ពាន់រៀលផងដែរ៕