(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងនៅតែបន្តដើរទៅមុខ ហើយការបោះឆ្នោតនៅក្នុងប្រទេស ក៏នៅតែបន្តធ្វើតាមកាលកំណត់ មិនបានលុបចោល ដូចបណ្តាប្រទេសមួយចំនួនឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវប្រវែងជិត ៨៥គ.ម នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយចំណាយថវិកាចំនួន ១៨៥លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបញ្ជាក់ថា ក្នុងការអនុវត្តនូវដំណើរការប្រជាធិបតេយ្យ កម្ពុជាបានបោះឆ្នោតជាសកលរួចហើយ កាលពីខែកុម្ភៈ កន្លងទៅនេះ ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនបានបញ្ឈប់ការបោះឆ្នោតណាមួយ នៅកម្ពុជាទេ ក្នុងប្រទេសដទៃ គឺបានបោះបង់ចោលការបោះឆ្នោត ដោយសារសភាពការណ៍តម្រូវ កម្ពុជាគ្មានការប្រកាសពន្យារការបោះឆ្នោតណាមួយនោះទេ។ នេះហើយគឺជាកិច្ចដំណើរការធម្មតា នៃដំណើរលទ្ធិប្រជាធិបតេយ្យកម្ពុជា»។
សម្តេចបានបន្តថា៖ «ដំណើរការបោះឆ្នោតបែបណា ប្រជាជនកម្ពុជាពិតជាមានការយល់ដឹងលើបញ្ហានេះ ជ្រៅជ្រះណាស់ហើយ ព្រោះយើងបានដំណើរការ ប្រជាធិបតេយ្យនេះ ក៏មានរយៈពេលច្រើនគួរសម អាចចាត់ទុកថាជាអ្នកចាស់ទុំខាងនយោបាយ ប៉ុន្តែប្រជាធិបតេយ្យណាក៏ដោយ ត្រូវតែមាននីតិរដ្ឋ មិនអាចមានប្រជាធិបតេយ្យ តាមបែបខ្វះការគ្រប់គ្រងតាមផ្លូវច្បាប់ ហើយវាចេញដំណើរតាមបែបអាណាធិបតេយ្យនោះទេ»។
ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតសកលជាបន្តបន្ទាប់ឡើងវិញ ចាប់ពីឆ្នាំ១៩៩៣ បន្ទាប់ពីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរាប់ទសវត្ស។ គិតតាំងពីឆ្នាំ១៩៩៣មក កម្ពុជាមិនដែលខកខានចំពោះការបោះឆ្នោតសកលនោះឡើយ។ ខុសពីកម្ពុជា ប្រទេសថៃដែលបច្ចុប្បន្នដឹកនាំដោយរដ្ឋាភិបាលយោធា បានផ្អាកការបោះឆ្នោតជាបន្តបន្ទាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្នុងខែឧសភា ឆ្នាំ២០១៤មក។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅកម្ពុជា នាខែកក្កដា ខាងមុខនេះ គណបក្សនយោបាយច្រើន ក៏បានប្រកាស និងត្រៀមខ្លួនចូលរួមផងដែរ៕