Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល បង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀន បានឃាត់ខ្លួនក្មេងប្រុសស្រី២១នាក់ នៅផ្ទះសំណាក់ «មានជ័យ» ក្នុងក្រុងពោធិ៍សាត់

26-03-2018 13:12

(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍លលកស និងកម្លាំងប្រជាការពារ បានចុះត្រួតពិនិត្យ ក្នុងដែនរដ្ឋបាលរបស់ខ្លួន រុករក និងបង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួន ក្រុមញៀនថ្នាំប្រុសស្រីចំនួន២១នាក់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់មានជ័យ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនជាក់ស្តែង មានចំនួន២១នាក់ ស្រី៨នាក់ ក្នុងនោះមុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម៦នាក់។

លោកបញ្ជាក់ថា ក្រោយការឃាត់ខ្លួនក្មេងប្រុសស្រីទាំង២១នាក់នេះរួចមក ក៏បានសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន រួចកម្លាំងរបស់លោកបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព័ណ៌សថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់តូច ម៉ូតូ០៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង២១នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសុំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានោះ លោកអធិការនគរបាលក្រុងពោធិ៍សាត់ បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តជួយធ្វើការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងអំពីផលលំបាក នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕