(កំពង់ធំ)៖ ឪពុកនិងកូនប្រុស២នាក់ បានជិះម៉ូតូចេញដំណើរពីភូមិត្រពាំងស្វាយ ទៅហូបការគេនៅភូមិគូ លុះហូបការរួចក៏ជិះម៉ូតូវិលត្រឡប់មកផ្ទះវិញ តែមកដល់ពាក់កណ្តាលផ្លូវ ត្រូវក្រុមជនមិនស្គាល់មុខចំនួន៣នាក់ ស្ទាក់បាញ់ប្លន់យកម៉ូតូ ហើយកូនប្រុសត្រូវក្រុមចោរបាញ់ចំភ្លៅខាងស្តាំ ធ្លាយមកខាងឆ្វេងបៀមគ្រាប់ ជាប់បណ្តាលរងរបួសធ្ងន់ ចំណែកឪពុកក្រុមចោរស្វាគមន៍៣ទៅ៤កំផ្លៀង។
មន្ត្រីនគរបាលមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើងវេលាម៉ោង១៩៖៣០យប់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចអ្នកតាស្នាយ ចន្លោះភូមិគូរ នឹងភូមិខ្សាច់ល្អិត ស្ថិតនៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះក្នុងករណីប្លន់ខាងលើនេះមានឈ្មោះ ស៊ុន សេងហៀង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ចំភ្លៅឆ្វេង) មានទីលំនៅ ត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកឪពុកមានឈ្មោះ អ៊ុន គីម អាយុប្រហែល៦០ឆ្នាំ ត្រូវក្រុមចោរស្វាគមន៍៣ទៅ៤កំផ្លៀងទីលំភូមិ ឃុំជាមួយគ្នា។
លោក អ៊ុន គីម បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ និងកូនប្រុសរបស់គាត់ បានជិះម៉ូតូចេញដំណើរពីផ្ទះទៅស៊ីការគេនៅភូមិគូរ លុះហូបការរួច គាត់ពីរនាក់កូនប្រុសគាត់ជិះម៉ូតូវិលត្រឡប់មកផ្ទះវិញ តែចៃដន្យមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុមចោរមួយក្រុមមានគ្នា៣នាក់ យកកាំភ្លើង AK មកភ្ជុងប្លន់យកម៉ូតូឌ្រីសង់ C125 ពណ៌ខ្មៅស៊េរី២០១៧ ស្លាកលេខ2424។ ពេលយកម៉ូតូបានហើយ ក្រុមចោរបានគំរាមឲ្យដោះគ្រឿងអលង្ការទៀត ពេលនោះជនរងគ្រោះបានតដៃជាមួយក្រុមចោរ ចោរអត់មិនបាន ក៏បាញ់ចំនួន២គ្រាប់១ចំភ្លៅខាងស្តាំ ហើយធ្លាយគ្រាប់មកបៀមខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ១គ្រាប់ទៀតបាញ់ចំដី។
លោក សេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ បានថ្លែងថា ក្រោយពីមានសេចក្តីថា មានករណីយ៍ប្លន់នៅចំណុចកើតហេតុខាងលើ លោកដឹកកម្លាំងក្រោមឱវាទរបស់លោក ចុះទៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងតាមបង្ក្រាបក្រុមចោរប្លន់ តែក្រុមចោរទាំងនោះបានយកម៉ូតូ ជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល។
លោក សេង សំ បានបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះត្រូវកម្លាំងជំនាញយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកតែដោយស្ថានភាព ធ្ងន់ធ្ងរពេក ក៏បញ្ជូនជនរងទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញបន្ត៕