(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីនគរបាលបានឃាត់ម៉ូតូចំនួន០៨គ្រឿង ដោយមានភាពមិនប្រកតីអាចជាអំពើលួច ឆក់ ប្លន់ បច្ចុប្បន្ននេះ មន្ត្រីរបស់លោកបានយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីឲ្យម្ចាស់ដែលបាត់បង់ម៉ូតូមកពិនិត្យមើលផងដែរ។
ពេលនេះលោកឧត្តមសេនីយ៍ទោ សម សាមួន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមកពិនិត្យ បើសង្ស័យជារបស់ខ្លួនដែលបានបាត់។
លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ចំពោះស្លាកលេខដែលពាក់ជាប់ម៉ូតូអាចជារបស់មិនពិតពីព្រោះក្រុមជនល្មើសមានផ្លាស់ប្តូរ ដូច្នេះបើសង្ស័យភិនភាគស្រដៀង សូមមកផ្ទៀងផ្ទាត់ដើម្បីទទួលយកម៉ូតូដែលបានបាត់ដោយអំពើដូចប្រាប់ខាងលើ៕