(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពការបាក់ច្រាំងទន្លេ នៅឃុំរកាគយ ដោយបានបញ្ជា ឲ្យបិទជាបណ្តោះអាសន្ន ចំពោះក្រុមហ៊ុនបូមខ្សាច់មួយ ដែលប្រជាពលរដ្ឋអះអាងថា មកពីសកម្មភាពរបស់ក្រុមហ៊ុននេះ ទើបមានការបាក់ច្រាំងទន្លេនាំឲ្យប៉ះពាល់ដល់ដី និងផ្ទះសម្បែងរបស់ពូកគាត់។
តែយ៉ាងណាក៏ដោយលោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យមន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវរកមូលហេតុពិត ដែលនាំឲ្យកើតករណីនេះ។ ជាលទ្ធផលមន្រ្តីជំនាញបានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានស្ថានភាពបាក់ច្រាំងទន្លេបែបនេះ មិនតែមកពីការបូមខ្សាច់ឡើយ គឺមានមូលហេតុច្រើនផ្សេងទៀត។
មន្រ្តីសាលាខេត្តកំពង់ចាម បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «នៅព្រឹកថ្ងៃនេះ ក្រោយពីបានពិនិត្យទីតាំងបាក់ច្រាំងទន្លេរែងប្រមាណ៣៥០ម៉ែត្រ ដោយមានការស្នើសុំពីសំណាក់ ប្រជាជនបិទក្រុមហ៊ុនបូមខ្សាច់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសម្រេចបញ្ឈប់បណ្តោះអាសន្ន របស់ក្រុមហ៊ុនបូមខ្សាច់នៅក្នុងឃុំរការគយនេះ ក៏ប៉ុន្ដែការសម្រេចចិត្តបញ្ឈប់ សកម្មភាពបូមខ្សាច់នោះ ក៏ដោយក៏មិនទាន់គ្រប់គ្រាន់ ដើម្បីទប់ស្កាត់នៃការបាក់ច្រាំងនោះដែរ ព្រោះមូលហេតុ នៃជាច្រើនទៀតដោយត្រូវសិក្សាតាមបច្ចេកទេសបន្ថែម»។
បើតាមមន្រ្តីសាលាខេត្ត ជាគោលការណ៍ លោក គួច ចំរើន ស្នើឲ្យប្រជាពលរដ្ឋ ចុះជាមួយមន្ត្រីជំនាញ ដើម្បីវាស់ពីជំរៅទឹកដែលបណ្តាលឲ្យបាក់ច្រាំង។ តាមបច្ចេកទេសមន្រ្តីជំនាញរបស់ក្រសួងពាក់ព័ន្ធ បានឲ្យដឹងថា ការបាក់ច្រាំងទន្លេនេះ គឺបណ្តាលមកពីការករកើតកោះតូច នៅទុលមុខឃុំរការគយ ដែលដុះឡើងដោយធម្មជាតិ និងមួយផ្នែកទៀត គឺដោយសារស្ថានភាពផ្ទៃដីខាងក្រោម មានសំណើមដែលរងពីបណ្តាញទឹកបឹង ចេញមកនោះក៏ជាមូលហេតុ ដែលធ្វើឲ្យបាក់ច្រាំងទន្លេផងដែរ៕