(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទីទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវីធី បញ្ជ្រាបការយល់ដឹង អំពីប្រព័ន្ធ FMIS (FMIS-Financial Management Information System-ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ) សម្រាប់ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវ ចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

កម្មវិធីខាងលើនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋាន និងអង្គភាពជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារ អនុវត្តគម្រោង FMIS នៃក្រសួង-ស្ថាប័ន ទាំង១០ ហៅកាត់ថា «FIWG» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា ការបង្កើតឲ្យមានកម្មវីធីបញ្ជ្រាបការយល់ដឹងនាថ្ងៃនេះ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖

១៖ គាំទ្រក្រសួង-ស្ថាប័ន ឲ្យបានស្វែងយល់កាន់តែច្បាស់ លើទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS និងមុខងារនីមួយៗ ដែលបាននឹងកំពុងដាក់ឲ្យប្រើប្រាស់ នៅតាមក្រសួង-ស្ថាប័ន ហើយនឹងត្រូវបន្តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត នៅដើមឆ្នាំ ២០១៩។

២៖ បញ្រ្ជាបការយល់ដឹង ស៊ីជម្រៅអំពីនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ ដែលក្រសួង-ស្ថាប័ន ត្រូវជ្រាប និង ស្វែងយល់ឲ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈ ក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ ។

៣៖ បំផុសឲ្យមានការគិតគូរស៊ីជម្រៅ លើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និង ភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំង របស់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS តាមក្រសួង-ស្ថាប័ន នីមួយៗ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារយកមកគិតគូរ និងវិភាគកាន់តែច្បាស់លាស់ ក្នុងការត្រៀមចុះបំពេញការងារ តាមផ្នែកនិងសកម្មភាពនីមួយៗ ឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា ការជួបជុំលើកនេះ នឹងបង្កើតកាលានុវត្តភាពថ្មីមួយទៀត និងមានសារសំខាន់ខ្លាំង សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីបន្តដំណើរឆ្ពោះទៅមុខ និងឈានទៅសម្រេចឲ្យបាននូវការអនុវត្តគម្រោង FMIS នៅជំហានទី២ តាមផែនការ ដែលបានគ្រោងទុក និងតាមអ្វីដែលបានចងក្រង ឡើងនៅក្នុងឯកសារ «ផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០» ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចអនុម័តលើ «សេចក្តីព្រាងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥» ដែលមានគោលដៅលើកកម្ពស់ប្រសិទ្ធភាព ការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិកម្មនៃការត្រួតពិនិត្យ ការបើកផ្តល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច (EFT-Electronic Fund Transfer) ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨តទៅ ការទូទាត់តាមប្រព័ន្ធ FMIS នៅរតនាគារជាតិ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ EFT នេះហើយ និង បានប្រើប្រាស់ជំនួសឱ្យការទូទាត់តាមមូលប្បទានបត្រច្រើនទៀតផង។ មិនតែប៉ុណ្ណោះ ក្នុងទិសដៅដោះស្រាយបញ្ហាប្រឈម នៃការចុះហត្ថលេខាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចចេញនូវអនុក្រឹត្យស្តីពី «ហត្ថលេខាឌីជីថល» ក្នុងគោលបំណងគ្រប់គ្រង និងជំរុញការប្រើប្រាស់ ហត្ថលេខាឌីជីថលនៅក្នុងប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលនេះកាន់តែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ប្រព័ន្ធ FMIS ជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់គាំទ្រ ដល់ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាឧបករណ៍ធានា ដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងគណនេយ្យភាព ទាំងផ្នែកចំណូល និង ចំណាយថវិកា ។

បន្ថែមពីនេះ ដើម្បីឲ្យការអនុវត្តគម្រោង FMIS កាន់តែទទួលបានជោគជ័យ ចាំបាច់ទាមទារឲ្យក្រសួង-ស្ថាប័នសាមី បង្កើនការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោង, ពង្រឹងសមត្ថភាពមន្រ្តី និង ចូលរួមអនុវត្តគម្រោងប្រកបដោយស្មារតីបុរេសកម្ម សកម្ម និង អន្តរសកម្ម ដោយត្រៀមខ្លួន សហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS យ៉ាងជិតស្និទ្ធបំផុត ដើម្បីសិក្សា និងរៀបចំកែលម្អនីតិវិធី អនុវត្តការងារបច្ចុប្បន្ន ឲ្យបានសមស្រប និងកាត់បន្ថយនីតិវិធី ដែលមិនផ្តល់តម្លៃបន្ថែម ព្រមទាំងចូលរួមគ្រប់ព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាលនានា ដែលនឹងរៀបចំឡើងដោយក្រុមការងារ។

លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សមាជិកនៃអង្គពិធីទាំងអស់ បន្តចូលរួមឲ្យបានសកម្ម ពិសេសខិតខំក្រេបយកចំណេះដឹង អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផ្ដល់នូវធាតុចូលសំខាន់ៗ សម្រាប់ក្រុមការងារ និងលើកបញ្ហាប្រឈម ឬសំណូមពរនានា ដើម្បីចូលរួមកែលម្អ និងទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធ FMIS ជាអតិបរមា ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ក៏ដូចជារួមចំណែកផ្ទាល់ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យសម្រេចបានជោគជ័យតាមគោលដៅ៕