(ក្រចេះ)៖ អធិការដ្ឋាននគរបាលស្រុកស្នូល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមប្រកាសទាត់ចោល និងបដិសេធទាំងស្រុង ចំពោះព័ត៌មាននៅលើបណ្តាញសង្គម Facebook ដែលថា មានស្ដ្រីម្នាក់បានធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួន ព្រោះប្ដីរបស់គាត់រងរបួសក្នុងការតវ៉ាដី និងរងនូវអំពើអយុត្តិធម៌សង្គម។
យោងតាមលិខិតបដិសេធ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ដ្រីដែលចងកសម្លាប់ខ្លួននោះ ឈ្មោះ អុល ចិន្ដា អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានប្ដីឈ្មោះ គ្រីយ៉ា ហាំព្លី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម។
សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា បើតាមការសាកសួរពីបុរសជាប្ដី «មូលហេតុដែលប្រពន្ធរបស់ខ្លួនធ្វើអត្ដឃាតចងកសម្លាប់ខ្លួន គឺដោយសារគាត់ (ប្រពន្ធ) មានជំងឺអេដស៍ និងអស់សង្ឃឹមក្នុងការព្យាបាល ទើបសម្រេចចិត្តចាកចេញបាត់ពីផ្ទះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។ ក្រោយពេលដឹងថា ប្រពន្ធរបស់គាត់បាន បាត់ខ្លួន គាត់ និងសាច់ញាតិបាននាំគ្នាដើររកតែរកមិនឃើញ រហូតដល់ថ្ងៃទី២២ ខែមីនា ទើបគាត់ទទួលព័ត៌មានថា ប្រពន្ធរបស់គាត់បានធ្វើអត្ដឃាតចងកសម្លាប់ខ្លួន ក្នុងព្រៃចំណុចអន្លង់ស្វាយ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល»។
បន្ថែមពីនេះ អធិការដ្ឋាននគរបាលស្រុកស្នួល សូមធ្វើការបដិសេធទាំងស្រុងចំពោះម្ចាស់គណនី Facebook ឈ្មោះ Si Dina ដែលបានបង្ហោះផ្សាយព័ត៌មាន បំភ្លៃគ្មានការពិត ដែលធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រឡំ៕
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងអត្ថបទនេះ សូមកែតម្រូវពីអ្វីដែលអង្គភាព Fresh News ផ្សាយថា «វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មាននេះ» ប៉ុន្តែការពិតវិទ្យុអាស៊ីសេរី មិនបានផ្សាយរឿងនេះទេ ដោយសារកំហុសបច្ចេកទេសរបស់ Fresh News. សូមអរគុណ។
ខាងក្រោមនេះ ជាលិខិតបដិសេធដែលមានខ្លឹមសារទាំងស្រុង៖