(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានន្រ្តីជំនាញចុះពិនិត្យទីតាំងឃឿនថ្មចែកទ្រូងផ្លូវលេខ១៩២៨ ដែលមានបញ្ហាខូច និងរៀបចំជួសជុលឡើងវិញ ក្រោយពីបុរសម្នាក់ស្រវឹងបើករថយន្ដបុក បណ្ដាលឲ្យមានការខូចខាត។
សូមជម្រាបថា នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ បុរសម្នាក់ឈ្មោះ ហេង ចំរើន អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៦០ផ្លូវលេខ១៩៩ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-9595 មានអាការៈស្រវឹងខ្លាំងបើករថយន្តចេញពីកន្លែងកម្មពិធីជប់លៀង ហើយរេចង្កូតទៅប៉ះនឹងធុងរទេះពោះគោចំហុយ និងធុងទឹកកកតិចតួចសោះ មិនទទួលខុសត្រូវ។
ក្រោយមកជនបង្ក បែរជាខំព្យាយាមបើករត់គេច តែទៅបុកឃឿនរបាំថ្មចែកទ្រូងផ្លូវលេខ១៩២៨ (ផ្លូវឧកញ៉ា ម៉ុងឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់មកបន្តបើករត់ទៅធ្លាក់ប្រឡាយទឹក ស្ថិតក្នុងភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបទៅមុខលែងរួច។
បច្ចុប្បន្ននេះរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនូវការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕