(ភ្នំពេញ)៖ ពិធីការិនី វ័យក្មេងសាច់សរម៉ដ្ឋរលោង កញ្ញា ណាណា ដែលមានឈ្មោះពិតថា ភោគ វឌ្ឍនា ក្រោយពីអាជីពពិធីការិនីមានសន្ទុះទៅមុខជាបណ្តើៗនោះ នៅពេលថ្មីៗនេះ នាងបានបង្ហើបប្រាប់ថា ក្នុងពេលឆាប់ៗខាងមុខនេះ នាងមានគម្រោងបើកមុខជំនួញលើកដំបូងរបស់ខ្លួន ឲ្យចេញជារូបរាង ក្រោយបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ពិធីការិនី ដែលមានភាពក្រមិចក្រមើម គួអោយស្រលាញ់ កញ្ញា ណាណា បានប្រាប់ឲ្យដឹងថា ថ្មីៗនេះគ្រួសារនាងបានសម្រេចចាយទុន ឲ្យនាងបើកហាងសាឡនផ្ទាល់ខ្លួន មួយមានឈ្មោះថា "RN Gold Salon" មានទីតាំងនៅម្តុំបឹងកេងកង នេះជាមុខជំនួញដំបូងសម្រាប់នាង ក្រៅពីការងារសិល្ប: បើតាមគម្រោងប្រសិនបើគ្មានអ្វីប្រែប្រួលទេ នាងនឹងរៀបចំកម្មវិធីបើកសម្ពោធ នៅថ្ងៃទី២៧ ខែមេសា ក្រោយចូលឆ្នាំខ្មែរតែម្តង ព្រោះថាហាងបានរៀបចំរួចរាល់ហើយ។
តារាដែលមានចរឹករួសរាយ កញ្ញា ណាណា បានប្រាប់ឲ្យដឹងទៀតថា នាងរំពឹងថាជំនួញនេះ នឹងទទួលបានជោគជ័យ ព្រោះថានាងមានសេវាកម្មថែរក្សាសម្រស់ច្រើនមុខ ហើយម្យ៉ាងទៀតក្រុមគ្រួសារនាងក៏ជួយ មើលការខុសត្រូវដូច្នេះមិនមានអ្វីព្រួយបារម្ភ ថាហាងដំណើរការគ្មានអ្នកមើលការខុសត្រូវនោះទេ ម្យ៉ាងតំបន់ដែលនាងបើកក៏មានទីផ្សារខ្លាំងគួសមដូច្នេះ ហើយទើបធ្វើឲ្យនាងរំពឹងខ្ពស់បែបនេះ៕